បទវិភាគ៖ សៀវភៅដ៏សំខាន់នេះបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំស្តីពីការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់
ពីការទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័សពីប្រទេសនិងអង្គការអន្តរជាតិជិត ១៦០ ដល់ការដែលប្រទេសជាង ៦០ បានចូលរួម”ក្រុមមិត្តភក្ដិនៃអភិបាលកិច្ចសកល”យ៉ាងសកម្មរហូតដល់មេដឹកនាំបរទេសជាច្រើនរូបដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះបានសម្តែងការកោតសរសើរខ្ពស់ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តជាក់ស្តែង ។ ចាប់តាំងពីបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលកាលពីខែកញ្ញា ឆ្នាំ ២០២៥ មក ហេតុអ្វីបានជាគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលអាចទទួលប្រជាប្រិយភាពយ៉ាងខ្លាំងបែបនេះ ? សៀវភៅសក្រោមចំណងជើង«កសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន»ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៧ ខែមិថុនាបានផ្តល់ជាបង្អួចសម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនូវអច្ឆរិយនេះ ។

សៀវភៅសនេះបានអធិប្បាយជាប្រព័ន្ធនូវបរិបទយុគសម័យ ខ្លឹមសារដ៏សម្បូរបែបនិងអត្ថន័យដ៏សំខាន់នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ហើយបានពិពណ៌នាដោយគ្រប់ជ្រុងជ្រោយអំពីការអនុវត្តជាក់ស្តែងដ៏សម្បូរបែបរបស់ប្រទេសចិនក្នុងការចូលរួមកំណែទម្រង់និងកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចសកលព្រមទាំងអធិប្បាយយ៉ាងច្បាស់លាស់ថែមមួយកម្រិតទៀតពីទិសដៅ គោលជំហរជាគោលការណ៍និងផែនការប្រតិបត្តិរបស់ប្រទេសចិនក្នុងការធ្វើអភិបាលកិច្ចសកលដែលមានអំណោយផលដល់សហគមន៍អន្តរជាតិក្នុងការយល់ដឹងកាន់តែល្អចំពោះគុណតម្លៃនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់ការប្រែប្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ ឯកតោភាគីនិយមនិងអនុត្តរភាពនិយមនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ការធ្វើផ្ទុយពីសកលភាវូបនីយកម្មនិងគាំពារ
និយមបានងើបឡើងវិញជាបន្តបន្ទាប់ ហើយបម្រែបម្រួលអាកាសធាតុ គម្លាតផ្នែកឌីជីថលនិងហានិភ័យនៃការប្រើប្រាស់យ៉ាងខុសទំនងនូវបញ្ញាសិប្បនិម្មិតជាដើមបានកើតឡើងជាបន្តបន្ទាប់ ។ល។ អភិបាលកិច្ចសកលកំពុងស្ថិតនៅខណៈពេលគន្លឹះ ពោលគឺ បើមិនឆ្ពោះទៅមុខទេ វានឹងដើរថយក្រោយ ។
ក្នុងគ្រាដ៏គន្លឹះនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាផ្លូវការនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលកាលពីខែកញ្ញា ឆ្នាំ ២០២៥ ដោយបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលចំនួនប្រាំ គឺ សមភាពខាងអធិបតេយ្យភាព ការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគីនិយម ការផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាពនិងផ្តោតលើទិសដៅប្រតិបត្តិការ ដែលបានផ្តល់ជាផែនការចិនសម្រាប់ឆ្លើយតបនឹងបញ្ហាយុគសម័យថា”តើត្រូវកសាងប្រព័ន្ធអភិបាលកិច្ចសកលយ៉ាងណានិងតើត្រូវធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់តាមរបៀបណា ”។ ក្នុងរយៈពេលជាង ៩ ខែកន្លងមក គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានប្រែក្លាយពីផែនការចិនទៅជាការអនុវត្តជាក់ស្តែងអន្តរជាតិដែលបង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ។
ពិភពលោកដ៏ធំល្វឹងល្វើយ មានបញ្ហាក៏ច្រើនណាស់ដែរ ។ តើប្រព័ន្ធអភិបាលកិច្ចសកលបែបណាដែលមានអំណោយផលដល់ពិភពលោកនិងប្រជាជននៃបណ្តាប្រទេសនានា ? គោលគំនិតដែលប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ច គឺ ”ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា” ។ ពីការផ្តួចផ្តើមឱ្យបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដល់ការលើកឡើង«គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិមិ្មត» រហូតដល់ការសម្រុះសម្រួលនិងបញ្ចុះកម្តៅនៃបញ្ហាចំណុចក្តៅអន្តរជាតិ ប្រទេសចិនបានបន្តបង្កើតជាវេទិកា ស្វែងរកបទពិសោធនិងធ្វើជាគំរូសម្រាប់ឆ្លើយតបនឹងបញ្ហាដ៏លេចធ្លោក្នុងអភិបាលកិច្ចសកល ។
បច្ចុប្បន្ននេះ ពិភពលោកមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការវិវឌ្ឍពីភាពច្របូកច្របល់ដល់អភិបាលកិច្ចល្អមិនមែនជារឿងដែលងាយសម្រេចបានទេ ។ ប្រទេសចិននឹងបន្តធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក អ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិនិងជាអ្នកផ្តល់ផលិតផលសាធារណៈ ហើយនឹងធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល មិនបោះបង់ចោលប្រទេសណាមួយឡើយ ក៏ដូចជាធ្វើឱ្យមហាគ្រួសារសហគមន៍អន្តរជាតិនេះសម្រេចបាននូវភាពឈ្នះ-ឈ្នះ ៕
