ព័ត៌មានជាតិ

នគរបាលខេត្តមណ្ឌលគិរី បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ២កន្លែង ឃាត់ខ្លួនមនុស្ស ១៣នាក់នៅស្រុកកែវសីមា

មណ្ឌលគិរី៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ២កន្លែង នៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយឃាត់ខ្លួនមនុស្សសរុប ១៣នាក់ ក្នុងនោះស្រី ៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

ក្នុងករណីទី១ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងលេងឆ្នោតឡូតូ និងលេងបៀ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ដោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់ និងដកហូតវត្ថុតាងរួមមាន សៀវភៅកត់ឆ្នោត ២ក្បាល ទូរសព្ទដៃ ២គ្រឿង បៀ ៧ហ៊ូ និងប្រាក់សរុប ១១៥,០០០រៀល។

ចំណែកករណីទី២ សមត្ថកិច្ចបានបង្ក្រាបទីតាំងជល់មាន់អនឡាញមួយកន្លែង ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ដោយឃាត់ខ្លួនមនុស្ស ៧នាក់ និងដកហូតទូរសព្ទដៃ ៣គ្រឿង ព្រមទាំងម៉ូតូ ៧គ្រឿង។

បច្ចុប្បន្ន ជនពាក់ព័ន្ធទាំង ១៣នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

ការបង្ក្រាបនេះ គឺជាផ្នែកមួយនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top