ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco កំពុងពិចារណាពង្រីកសមត្ថភាពផ្ទុកទូទាំងពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់
បរទេស៖ លោក Yasir Al-Rumayyan ប្រធានក្រុមហ៊ុន Aramco បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco កំពុងពិចារណាពង្រីកសមត្ថភាពផ្ទុករបស់ខ្លួននៅជុំវិញពិភពលោក បន្ទាប់ពីការផ្គត់ផ្គង់ថាមពលតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានរំខានដោយសង្គ្រាមអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា លោក Rumayyan ដែលជាអភិបាលនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋអារ៉ាប៊ីសាអូឌីត PIF បាននិយាយថា “ក្រុមហ៊ុន Aramco មានកន្លែងផ្ទុកនៅជុំវិញពិភពលោក ជាពិសេសនៅអាស៊ី កូរ៉េ និងជប៉ុន ហើយយើងកំពុងគិតយ៉ាងម៉ត់ចត់អំពីការមានកន្លែងផ្ទុកធំជាងនេះនៅទូទាំងពិភពលោក”។
លោក Rumayyan បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល FII PRIORITY Europe ដែលរៀបចំនៅទីក្រុងរ៉ូម និងរៀបចំដោយវិទ្យាស្ថានមិនស្វែងរកប្រាក់ចំណេញរបស់អារ៉ាប៊ីសាអូឌីត Future Investment Initiative ដែលគាំទ្រដោយ PIF។
FII រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ទីក្រុង Riyadh ដែលត្រូវបានគេស្គាល់ថាជា “Davos in the Desert” ដែលប្រមូលផ្តុំមេដឹកនាំពិភពលោក ធនាគារិក និងថៅកែអាជីវកម្ម។
លោក Rumayyan បាននិយាយទៀយថា PIF បានវិនិយោគទឹកប្រាក់ចំនួន ៩៨ ពាន់លានអឺរ៉ូ (១១២,៨៦ ពាន់លានដុល្លារ) នៅទូទាំងទ្វីបអឺរ៉ុប និងចក្រភពអង់គ្លេស ចន្លោះឆ្នាំ ២០១៧ និង ២០២៥ ខណៈដែល Aramco បានវិនិយោគទឹកប្រាក់ប្រមាណ ៨០ ពាន់លានអឺរ៉ូជាមួយអ្នកផ្គត់ផ្គង់អឺរ៉ុប៕
ប្រែសម្រួល: ណៃ តុលា
