Feature

សម្តេចធិបតី និងលោក ពូទីន ប្តេជ្ញារក្សាសន្ទុះវិជ្ជមាន នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ល្លាមឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្ទុះវិជ្ជមាន រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទៅមុខបន្តទៀត ។

 
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា សម្តេចធិបតីបានជួបទ្វេភាគី និងពិភាក្សាការងារជាមួយលោក ល្លាមឌីមៀពូទីន នៅរាត្រីថ្ងៃទី១៨ មិថុនា ។

លោកបន្តថា ជំនួបទ្វេភាគីនេះ ប្រព្រឹត្តទៅក្នុងបរិយាកាស យ៉ាងស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយការជឿទុកចិត្ត គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីមិត្តភាពយូរអង្វែងរវាងរុស្ស៊ីនិងកម្ពុជា ។ នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីរុស្ស៊ី សម្តែងការពេញចិត្តខ្លាំង ចំពោះការរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី។

 
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ សង្កត់ធ្ងន់ថា “មេដឹកនាំកម្ពុជា-រុស្ស៊ីបានបញ្ជាក់ពីការប្តេជ្ញា ដូចគ្នាក្នុងការរក្សាសន្ទុះវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរៀងទៅមុខ។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តី និងប្រធានាធិបតីរុស្ស៊ី ខ្ញុំសូមសង្កត់ធ្ងន់លើវិស័យសំខាន់ៗចំនួន៣ គឺកិច្ចការនយោបាយ និងការទូត , ទី២ពាណិជ្ជកម្ម និងកសិកម្ម និងថាមពល និងទី៣-ការតភ្ជាប់រវាងប្រជាជននិងប្រជាជន” ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ជំនួបទ្វេភាគីរុស្ស៊ី-កម្ពុជារវាងថ្នាក់ដឹកនាំទាំងពីរស្តែងឱ្យឃើញសារៈសំខាន់៣យ៉ាង ៖ទី១-នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ កម្ពុជា-រុស្ស៊ីឈរនៅជាមួយគ្នាយ៉ាងជិតស្និទ្ធ , ទី២-គឺជាឱកាសថ្មីសម្រាប់ប្រទេសទាំងពីរក្នុងការសម្លឹងមើលទៅមុខក្នុងទិសដៅរួមគ្នា និងស្វែងផលប្រយោជន៍រួមគ្នាជាក់ស្តែង និងទី៣-បញ្ជាក់ពីសារនយោបាយជា​មួយគ្នា៕

To Top