អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា រិះគន់គោលនយោបាយ របស់លោកត្រាំ
ឈីកាហ្គោ៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរិះគន់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលពិធីបើកមជ្ឈមណ្ឌល ប្រធានាធិបតី អូបាម៉ានៅទីក្រុងឈីកាហ្គោ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្ដែមិនបាននិយាយឈ្មោះលោកចំៗនោះឡើយ។
មជ្ឈមណ្ឌលប្រធានាធិបតីអាមេរិក គឺជាអគារមួយដែលឧទ្ទិសដល់មរតក របស់អតីតប្រធានាធិបតី ដែលជាធម្មតារួមមានសារមន្ទីរ គ្រឹះស្ថានអប់រំ កម្មវិធីសាធារណៈ និងបណ្ណសារឯកសារប្រធានាធិបតី។ ប្រធានាធិបតីអាមេរិកភាគច្រើន គឺមានមួយ។
ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ លោក អូបាម៉ា បានសង្កត់ធ្ងន់លើឧត្តមគតិអាមេរិកនៃ “គ្មានស្តេច ឬម្ចាស់ គ្មានទាសករ ឬប្រជារាស្ត្រ” ដែលឆ្លុះបញ្ចាំងពីការតវ៉ា និងការដង្ហែក្បួន “គ្មានស្តេច” ដែលបានកើតឡើងនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកក៏បានរិះគន់ដោយប្រយោល ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ ដោយសរសើរអ្នកស្រុកនៅទីក្រុង Minneapolis រដ្ឋ Minnesota ដោយថាពួកគេ “បានប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ប្រថុយសុវត្ថិភាពផ្ទាល់ខ្លួន ឈរប្រកៀកស្មាគ្នា ដើម្បីមើលថែអ្នកជិតខាងរបស់ពួកគេ ហើយពេលខ្លះមើលថែមនុស្សចម្លែក ពីព្រោះពួកគេដឹងថា នោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ”។
លោក បារ៉ាក់ អូបាម៉ា បានសម្តែងក្តីសង្ឃឹមថាមជ្ឈមណ្ឌលដែលទើបបើកថ្មីនេះនឹងបញ្ជាក់ពី “តម្លៃពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យរបស់យើង”។
អតីតប្រធានាធិបតីរូបនេះ បានទៅដល់ទីក្រុងឈីហ្គាហ្គោ ជាលើកដំបូងក្នុងឆ្នាំ១៩៨៥ ក្នុងអាយុ ២៣ឆ្នាំ ក្នុងនាមជាអ្នករៀបចំសហគមន៍។ នៅក្នុងសុន្ទរកថារបស់លោក លោកបានឆ្លុះបញ្ចាំងពីរបៀប ដែលលោកបានជួបប្រពន្ធរបស់លោក បានចាប់ផ្តើមគ្រួសាររបស់លោក និងបានចាប់ផ្តើមជីវិតនយោបាយរបស់លោកមិនឆ្ងាយប៉ុន្មានពីទីតាំងនៃមជ្ឈមណ្ឌលប្រធានាធិបតីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
