លោកខូយ រីដា អញ្ជើញចូលរួមក្នុងពិធីដាំដើមឈើក្រោមប្រធានបទ រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មុននឹងចាប់ផ្តើមពិធីដាំដើមឈើ លោកបណ្ឌិតរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជាជូនទេពឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងសូមឱ្យមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងសូមឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការដាំដើមឈើនេះ ទទួលបានជោគជ័យ ដើម្បីធានាបាននូវភាពបៃតងដ៏ស្រស់បំព្រង និងបរិស្ថានដ៏ល្អប្រសើរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការពង្រឹងអនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈ រហូតធ្វើឱ្យខេត្តពោធិ៍សាត់ទទួលបានការកោតសរសើរ និងក្លាយជាខេត្តគំរូក្នុងចលនាសម្អាតសំរាម។ លោកអភិបាលខេត្តបានបន្ថែមថា ខេត្តបានជំរុញយ៉ាងសកម្មនូវចលនាដាំដើមឈើតាមដងផ្លូវសំខាន់ៗ ទីសាធារណៈ សាលារៀន និងវត្តអារាមនានាទូទាំងខេត្ត ឱ្យបានប្រែប្លែកយ៉ាងយូរ ក្នុងឆ្នាំ២០២៨ខាងមុខ។ ទន្ទឹមនឹងនេះ ឯលោកអភិបាលខេត្ត បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធសាស្ត្របៃតងរបស់ក្រសួងបរិស្ថាន គឺផ្តោតលើភាពស្អាត និងចីរភាព។ ការដាំដើមឈើ គឺជាការបង្កើនគម្របបៃតង ប៉ុន្តែការការពារព្រៃឈើដែលមានស្រាប់ គឺជាអាទិភាពដាច់ខាត។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីការពារធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្ស។

លោកបានថ្លែងអំណរគុណ ដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការជួយទាំងកម្លាំងការពារ និងធនធានហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកបានរំលឹកថា ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែខិតខំទាំងអស់គ្នា ដើម្បីធានាថាព្រៃឈើនឹងនៅគង់វង្ស។ ក្រសួងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈការចែកចាយកូនឈើដល់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាការចែកជូនពូជត្នោតយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ។

លោកបណ្ឌិតរដ្ឋមន្ត្រីបានទម្លាយផែនការដ៏សំខាន់មួយ ដោយជ្រើសរើសខេត្តពោធិ៍សាត់ ជាខេត្តដំបូងគេក្នុងយុទ្ធនាការ ដាំស្មៅយក្យ ក្រោយទទួលបានការគាំទ្រពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះនឹងជួយឱ្យពលរដ្ឋមានវត្ថុធាតុដើម (សម្រាប់ធ្វើជាអុស ឬធ្យូង) ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ ក្រសួងនឹងពង្រីកយុទ្ធនាការនេះទៅកាន់បណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេស។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ការដាំដើមឈើមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានដូចជា ការកាត់បន្ថយកម្ដៅ និងការស្រូបយកកាបូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ សុខភាព សង្គម និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋផងដែរ។ ការមានគម្របព្រៃឈើល្អប្រសើរ គឺជាមូលដ្ឋានគ្រឹះនៃកម្ពុជាបៃតង សុវត្ថិភាព និងភាពរុងរឿង៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល
