Feature

កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ ប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានលើកដង និងបង្ហូតទង់ជាតិថៃនៅក្នុង ទឹកដីកម្ពុជា ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

នៅថ្ងៃដដែលនោះផងដែរ ឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ត្រូវ បានរាយការណ៍ថា ត្រូវបានដុតបំផ្លាញដោយចេតនា។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃក៏បានសាងសង់ របងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ ដែលជាការរំលោភយ៉ាងជាក់ច្បាស់ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ផលិត ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧។

កម្ពុជា បានបដិសេធនូវការប៉ុនប៉ងណាមួយក្នុងការបង្ហាញថា សកម្មភាពទាំងនេះស្របនឹងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះគឺផ្ទុយស្រឡះទៅនឹងខ្លឹមសារ និង ស្មារតីនៃមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាង ប្រទេសកម្ពុជា និងថៃ៕

To Top