ម៉ាឡេស៊ី មានគម្រោងបង្កើន ផលិតកម្មបង្គា ដើម្បីជំនួសការនាំចូលពីប្រទេសថៃ ហើយថា ខាងកសិករ និងសមាគម របស់ម៉ាឡេស៊ី គាំទ្រការរឹតបន្តឹងបណ្តោះអាសន្នពីថៃ
បរទេស៖ ប្រទេសម៉ាឡេស៊ីមាន គម្រោងបង្កើនផលិតកម្មបង្គាដើម្បីជំនួសការនាំចូលពីប្រទេសថៃ ខណៈដែលការពិភាក្សាលើបញ្ហា អនាម័យផលិតផលសមុទ្រនៅតែជាប់គាំង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា លោក Adnan Hussain អគ្គនាយកនៃនាយកដ្ឋាននេសាទ របស់ម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សមាគមបង្គាកំពុងរៀបចំផែនការមួយ ដើម្បីជំរុញការផលិតសម្រាប់ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។
សូមជម្រាបថា ការហាមឃាត់ការនាំចូលបង្គារបស់ថៃបានចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា។ លោក Adnan បាននិយាយថា ប្រទេសម៉ាឡេស៊ីនៅតែមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama ថា “ការផ្គត់ផ្គង់របស់យើងនៅតែគ្រប់គ្រាន់ ហើយយើងបានទទួលមតិយោបល់ពីកសិករ និងសមាគមថា ពួកគេគាំទ្រការរឹតបន្តឹងបណ្តោះអាសន្ននេះ ហើយឥឡូវនេះកំពុងមានគម្រោងបង្កើនសមត្ថភាពផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ”។
ប្រទេសម៉ាឡេស៊ី បានដាក់បម្រាមលើបង្គាថៃដោយលើកឡើងពីការព្រួយបារម្ភអំពីអនាម័យចាប់ពីថ្ងៃទី១ ខែមិថុនា ដើម្បីសងសឹក ចំពោះការត្រួតពិនិត្យសុវត្ថិភាពសុខភាពយ៉ាងតឹងរ៉ឹងរបស់ប្រទេសថៃ លើត្រីបាសសមុទ្រពីប្រទេសម៉ាឡេស៊ីកាលពីខែមុន។
តួលេខនាំចេញមានភាពខុសគ្នា ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួនត្រូវការបង្គាប្រហែល ១១.០០០ តោនពីប្រទេសថៃជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងថៃបានរាយការណ៍ថា ប្រហែល ៤០០ តោនត្រូវបានបញ្ជូនទៅប្រទេសម៉ាឡេស៊ីជារៀងរាល់ខែ។
ប្រែសម្រួលៈ ណៃ តុលា
