ព័ត៌មានអន្តរជាតិ

ស៊ុតរបស់វៀតណាម កំពុងដឹកចូលទីផ្សារ របស់ប្រទេសជប៉ុន បន្ទាប់ពីកិច្ចសហការរយៈពេលជិត២ឆ្នាំ

បរទេស៖ កាលពីចុងសប្តាហ៍មុន ក្រុមហ៊ុន Vĩnh Thành Đạt Food JSC បាននាំចេញស៊ុតមួយកុងតឺន័រ ដែលត្រៀមរួចជាស្រេចសម្រាប់បរិភោគដំបូងរបស់ខ្លួន ទៅកាន់ប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា ការដឹកជញ្ជូននេះគឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រុម Vĩnh Thành Đạt និងដៃគូជប៉ុនរបស់ខ្លួន ។ ភាគីទាំងពីរបានចំណាយពេលជិតពីរឆ្នាំក្នុងការរៀបចំ និងចម្រាញ់ផលិតផលនេះ។ ស៊ុតដែលត្រៀមរួចជាស្រេចសម្រាប់បរិភោគត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីអ្នកជំនាញជប៉ុន ត្រូវបានផលិតឡើងសម្រាប់អ្នកប្រើប្រាស់ជប៉ុន និងបំពេញតាមស្តង់ដារសុវត្ថិភាព ចំណីអាហារដ៏តឹងរ៉ឹងរបស់ប្រទេស។

ការដឹកជញ្ជូនលើកដំបូងទៅកាន់ប្រទេសជប៉ុននេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនវៀតណាម Vĩnh Thành Đạt ក្នុងការបង្កើនតម្លៃស៊ុតវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសថ្មីៗ សម្រាប់ផលិតផលស៊ុតកែច្នៃ ដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្រូវការខ្ពស់ផងដែរ។

ទន្ទឹមនឹងនេះ ទីផ្សារស៊ុតរបស់វៀតណាម កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើស ដែលភាគច្រើនដោយសារតែកសិដ្ឋាន ជាច្រើនបានពង្រីកហ្វូងបន្ទាប់ពីរយៈពេលនៃតម្លៃស៊ុតខ្ពស់។ ការផលិតបានលើសពីតម្រូវការ ដែលនាំឱ្យមានការធ្លាក់ចុះនៃតម្លៃ។

ក្នុងបរិបទនេះ ការពង្រីកទីផ្សារនាំចេញត្រូវបានគេរំពឹងថា នឹងជួយស្រូបយកការផ្គត់ផ្គង់លើស ធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅសម្រាប់ កសិករចិញ្ចឹមបក្សី និងផ្តល់ឱ្យពួកគេនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការរក្សាផលិតកម្ម។
ប្រែសម្រួលៈ ណៃ តុលា

To Top