Feature

ករណីបន្លំត្រីសាល់ម៉ុននិងត្រីត្រោត!​ ក.ប.ប. ពិន័យហាងចរណៃ ក្នុងចន្លោះពី១០ទៅ២០លានរៀល និងណែនាំ ឱ្យកែតម្រូវបន្ទាន់

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ ជាលទ្ធផល មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។

ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូន តំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាង ដោយបន្លំឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃ ស្របតាមមាត្រាច្បាប់ខាងលើ ក្នុងចន្លោះពី១០លានទៅ ២០លានរៀល។

មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានណែនាំឱ្យតំណាងម្ចាស់ហាងចរណៃ កែតម្រូវបន្ទាន់ទៅគ្រប់ទីតាំងលក់តាមរាជធានី ខេត្ត ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រី និងដាក់តាំង ដោយឡែកពីគ្នា នៃផលិតផលទាំងនោះ ដើម្បីអោយអ្នកប្រើប្រាស់ ទទួលបានព័ត៌មានពិតពីផលិតផល និងជ្រើសរើសដោយគ្មានភាពភាន់ច្រលំ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារអ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត និងសូមធ្វើការអំពាវនាវ ដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដោយអនុគ្រោះ។

To Top