ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ
ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។
ការប្រកាសផ្អាកដំណើរការ របស់ហាងដ៏ល្បីឈ្មោះមួយនេះ ក្រោយផ្ទុះការវ៉ែកញ៉ែ អំពីសុវត្ថភាពអ្នកប្រើប្រាស់កន្លងមក ក្រោយរកឃើញថា ក្នុងហាង ចរណៃ មានលក់ត្រីត្រោតស្រស់ ខណៈដែលហាងមួយនេះ មិនដែលបញ្ជាក់ប្រាប់អតិថិជនរបស់ខ្លួនឡើយ ថាជាត្រីប្រភេទនេះ ខណៈអតិថិជនគ្រប់គ្នាសុទ្ធតែចាត់ទុកថា ជាត្រីសាម៉ុនស្រស់គ្រប់ៗគ្នា ។
ក្រោយមានការផ្ទុះការវ៉ែកញ៉ែកដែលឈានដល់ការបាត់ទំនុកចិត្តពីអតិថិជននេះ បានធ្វើឱ្យហាងយីហោ «ចរណៃ» បានចេញមកបញ្ជាក់ម្តងហើយ តែស្រាប់តែព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសផ្អាកដំណើរការចាប់ពីខែសីហាតទៅ ។
យោងតាមសេចក្តីជូនដំណឹង របស់ហាង ចរណៃ បានឱ្យដឹងថា “ជាថ្មីម្តងទៀត ហាងចរណៃសូមអភ័យទោស ចំពោះកំហុសឆ្គងនានា និងគោរពអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រហាងយើងខ្ញុំកន្លងមក។ យើងខ្ញុំសូមជម្រាបថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការណ៏យ៉ាងយូរត្រឹមថ្ងៃទី ២២ សីហា ២០២៦ តទៅ”។
ការប្រកាសទុកពេលផ្អាកដំណើរការនេះ ធ្វើឡើងដើម្បីទុកពេល ដើម្បីបង្ហើយស្តុកដែលមានស្រាប់ និងដើម្បីអោយបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ ទៅរកការងារថ្មីនៅទីតាំងដដែលឬនៅស្រុកកំណើត និងទុកពេលអោយម្ចាស់ផ្ទះជួលអាចរកអ្នកជួលថ្មីបាន។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះដដែរ ។
ទោះជាយ៉ាងណាក៏ដោយ ហាង ចរណៃ ក៏បានចេញមកបញ្ជាក់ជាថ្មីថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ យើងខ្ញុំមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ៕


