វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី
ភ្នំពេញ ៖ វៀតណាមបានប្រកាសគាំទ្រ ចំពោះដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយកម្ពុជា ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពប្រជាជនវៀតណាមបញ្ជាក់ថា វៀតណាមកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។

ឧត្តមសេនីយ៍ទោ វូ ហុងសឺន ក៏បានរំលឹកពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ ឧត្តមសេនីយ៍ បញ្ជាក់ថា ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំង៣ វៀតណាម កម្ពុជា និងឡាវ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ ដោយបានលើកឡើងថា នាយទាហានកម្ពុជា មួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម ដែលជាកត្តាសំខាន់ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។

ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ លោកបានបង្ហាញជំនឿជាក់ថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលជោគជ័យ និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងអាកាស។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូន នាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
លោកបានស្នើវៀតណាមបន្តគាំទ្រ បេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង៕
