តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារការរំពឹងទុក នៃលំហូរប្រេងឆៅកាន់តែរលូន តាមរយៈច្រកសមុទ្រ Hormuz
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ ដែលការធ្លាក់នេះគឺជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលបួនខែ ដោយសារសញ្ញាថា នាវាដឹកប្រេងជាច្រើនទៀតនឹងចាកចេញពីច្រកសមុទ្រ Hormuz។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 72 សេន ឬ 0.9% មកនៅត្រឹម 76.36 ដុល្លារក្នុងមួយបារ៉ែល , ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 61 សេន ឬ 0.8% មកនៅត្រឹម 72.60 ដុល្លារ។
អ្នកយុទ្ធសាស្ត្រទំនិញ ING បាននិយាយ នៅក្នុងកំណត់ចំណាំមួយនៅថ្ងៃពុធថា “សញ្ញាវិជ្ជមានពីឈូងសមុទ្រពែក្ស កំពុងជំរុញសុទិដ្ឋិនិយម អំពីលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការឆ្លងកាត់នាវាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជានៅតែទាបជាងកម្រិត មុនសង្គ្រាមក៏ដោយ”។
តម្លៃក៏ស្ថិតនៅក្រោមសម្ពាធនៅសប្តាហ៍នេះផងដែរ ពីការលើកលែងទណ្ឌកម្មរយៈពេល ៦០ ថ្ងៃដែលទីក្រុងវ៉ាស៊ីនតោនបានផ្តល់ឱ្យទីក្រុងតេអេរ៉ង់ បន្ទាប់ពីការចរចាសន្តិភាពដំបូង ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេង និងពីការបន្ធូរបន្ថយអរិភាពនៅក្នុងប្រទេសលីបង់។
ប្រែសម្រួលៈ ណៃ តុលា
