ក្រសួងការងារ នឹងនាំយកឱកាសការងារ អត្ថប្រយោជន៍សង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូនដល់អតីតពលករ និងពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ
ត្បូងឃ្មុំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។

បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅថ្ងៃទី២៦ ខែមិថុនា នៅក្នុងបរិវេណវត្តអម្ពវនារាម ហៅវត្តស្វាយមីង និងនៅថ្ងៃទី២៧ ខែមិថុនា នៅក្នុង២០២៦ នៅក្នុងបរិវេណវត្តសិរីមង្គល ហៅវត្តចុងជាច ខេត្ដត្បូងឃ្មុំ។ ប្រជាពលរដ្ឋដែលចូលរួមនឹងមានឱកាសស្វែងយល់ដោយផ្ទាល់អំពីឱកាសការងាររាប់ម៉ឺនកន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជាច្រើន ក៏ដូចជាអាចដាក់ពាក្យសម្ភាសការងារភ្លាមៗនៅទីតាំងកម្មវិធីផងដែរ។

ក្រៅពីឱកាសការងារ អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលផ្ដល់ដោយប.ស.ស. និងព័ត៌មានអំពីវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ ក្រោមកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលអាចជួយឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសទទួលបានការងារល្អនៅក្នុងប្រទេស។ បន្ថែមពីលើនេះ អ្នកចូលរួមនឹងទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕


