ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ប្រទេសចិន ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក

បរទេស៖ ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក យក្សរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីបទបានដាក់ក្រុមហ៊ុនខ្លួនក្នុងបញ្ជីអាជីវកម្មពីប្រទេសចិន ដែលមានទំនាក់ទំនងជាមួយយោធា របស់ប្រទេសចិន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា ពាក្យបណ្តឹងនេះត្រូវបានដាក់ នៅតុលាការសហព័ន្ធ San Jose រដ្ឋ California បន្ទាប់ពីមន្ទីរបញ្ចកោណបានពង្រីកបញ្ជីខ្មៅរបស់ខ្លួននៃ “ក្រុមហ៊ុនយោធាចិន” ដែលត្រូវបានចោទប្រកាន់នៅថ្ងៃទី ៨ ខែមិថុនា ដល់អង្គភាពចំនួន ១៨៨ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភថា យោធាចិនអាចទាញយកប្រយោជន៍ពីវិស័យឯកជន របស់ប្រទេសសម្រាប់ការរីកចម្រើន។

ក្រុមហ៊ុន Alibaba ត្រូវបានចោទប្រកាន់ថា ជា “អ្នករួមចំណែកលាយបញ្ចូលគ្នារវាងយោធា និងស៊ីវិលដល់មូលដ្ឋានឧស្សាហកម្មការពារជាតិចិន” តាមរយៈទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។ មន្ទីរបញ្ចកោណក៏បាននិយាយផងដែរថា Alibaba មានទំនាក់ទំនងដោយប្រយោលជាមួយនិយតករទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសចិន ដែលគេស្គាល់ថា SASAC។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Alibaba បាននិយាយថា “ការកំណត់ទាំងនេះមិនមានមូលដ្ឋាននៅក្នុងការពិត ឬច្បាប់ នោះទេ”។

ក្រុមហ៊ុនបានបន្តថា “ក្រុមហ៊ុន Alibaba ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យមួយ ដែលគ្មាននរណាម្នាក់មានទំនាក់ទំនង យោធាណាមួយឡើយ”។ “ផលិតផល និងសេវាកម្មរបស់ខ្លួនត្រូវ បានបង្កើតឡើងសម្រាប់លក់រាយ ភស្តុភារ និងបច្ចេកវិទ្យាព័ត៌មានសហគ្រាស – មិនមែនអាវុធ ការពារជាតិ ឬចារកម្មទេ”។
ប្រែសម្រួលៈ ណៃ តុលា

To Top