Feature

អគ្គនាយក ARDB អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា នៅស្រុកកោះធំ ខេត្តកណ្តាល

កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យានៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំស្ថិតនៅភូមិក្បាលដំរីក្រោម  ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យ និងជួបម្ចាស់កសិដ្ឋានខាងលើរបស់ លោកបណ្ឌិត កៅ ថាច ក៏មានការចូលរួមអមដំណើរដោយ លោក បាន លឹម អគ្គនាយករងធនាគារ ARDB លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងលោក ចាន់ សីហាអគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងស្រុកហើយការវិនិយោគនេះជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារនឹងឈាន ដល់ការកាត់បន្ថយនាំចូលពីប្រទេសជិតខាង។

ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរជាពិសេស ត្រូវជំរុញការអភិវឌ្ឍលើការចិញ្ចឹមត្រីទៅជាលក្ខណពាណិជ្ជកម្ម។

សូមជម្រាបថា កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាខាងលើគឺកំពុងតែពង្រីកអាជីវកម្មបន្ថែមទៀត ដោយទទួលបានការគាំទ្រឥណទានពីធនាគារ ARDB ដើម្បីយកទៅពង្រីកអាជីវកម្មហើយកសិដ្ឋានក៏កំពុងចិញ្ចឹមកូនត្រីទីឡាព្យាជាង ១លានក្បាលនៅក្នុងស្រះចំនួន១៨ ហើយនៅក្នុងដំណាក់កាលដំបូង មានស្រះសរុបជាង ២៦ស្រះផងដែរ៕

To Top