IHH Healthcare Malaysia ពង្រឹងកិច្ចសហការ និងពង្រីកសេវាថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់អ្នកជំងឺកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពឈានមុខគេ IHH Healthcare Malaysia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាថែទាំសុខភាពកម្រិតឯកទេស និងឆ្លើយតបទៅនឹងកំណើនយ៉ាងគំហើញនៃអ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ចំនួនអ្នកជំងឺកម្ពុជាដែលបានជ្រើសរើសទៅព្យាបាលនៅបណ្តាញមន្ទីរពេទ្យរបស់ IHH Healthcare Malaysia បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅជាង ១៦ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះ បានស្តែងឱ្យឃើញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ប្រជាពលរដ្ឋកម្ពុជា ទៅលើគុណភាពថែទាំសុខភាព និងជំនាញវេជ្ជសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី។

នៅក្នុងកម្មវិធីនេះ គ្រូពេទ្យឯកទេសលំដាប់ឈានមុខជាច្រើនរូបមកពីបណ្តាញមន្ទីរពេទ្យរបស់ IHH ជំនាញលើផ្នែកសំខាន់ៗចំនួន ៣ បានចែករំលែកនូវចំណេះដឹង និងបច្ចេកវិទ្យាព្យាបាលទំនើបៗ រួមមាន៖

ផ្នែកខួរក្បាល និងឆ្អឹងកងខ្នង៖ លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរកឃើញ និងគ្រប់គ្រងជំងឺទាន់ពេលវេលា។

ផ្នែកជំងឺមហារីក៖ វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានបង្ហាញពីវឌ្ឍនភាពចុងក្រោយនៃការថែទាំ ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺមហារីក។

ផ្នែកជំងឺឆ្អឹងនិងសន្លាក់៖ លោកវេជ្ជបណ្ឌិត Murali ឯកទេសវះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានធ្វើបទបង្ហាញពីនវានុវត្តន៍ថ្មីៗក្នុងការស្តារចលនារាងកាយ និងលើកកម្ពស់គុណភាពជីវិត។

ជាងនេះទៅទៀតបណ្តាញមន្ទីរពេទ្យល្បីៗរបស់ IHH Healthcare Malaysia ដូចជា មន្ទីរពេទ្យ Gleneagles, Pantai, Island, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និង Timberland សុទ្ធសឹងតែជាស្ថាប័នទទួលបានការវាយតម្លៃខ្ពស់។ ក្នុងនោះ មន្ទីរពេទ្យមួយចំនួនទទួលបានការទទួលស្គាល់គុណភាពពីស្ថាប័ន Joint Commission International (JCI) ដែលជាស្តង់ដារកម្រិតពិភពលោក។ លើសពីនេះ មន្ទីរពេទ្យចំនួន ១២ នៅក្នុងបណ្តាញរបស់ខ្លួន ក៏ត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតក្នុងពិភពលោកឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Newsweek ផងដែរ។

ក្នុងនោះផងដែរដើម្បីសម្រួលដល់ដំណើរការថែទាំសុខភាពឆ្លងប្រទេស មន្ទីរពេទ្យបានបង្កើតមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) ដែលផ្តល់សេវាកម្មសម្របសម្រួលពេញលេញ និងជាចំណុចទំនាក់ទំនងតែមួយគត់ (One-stop service) សម្រាប់អ្នកជំងឺកម្ពុជា។
សេវាកម្មសំខាន់ៗរួមមាន៖ IHH Healthcare
ការផ្តល់ជំនួយ និងបកប្រែជាភាសាខ្មែរ។
ការណែនាំប៉ាន់ប្រមាណតម្លៃ រៀបចំការណាត់ជួប និងការសម្របសម្រួលផ្នែកទិដ្ឋាការ (Visa)។
សេវាកម្មរថយន្តទទួលពីព្រលានយន្តហោះ និងការរៀបចំកន្លែងស្នាក់នៅ។
ការតាមដាន និងគាំទ្រសុខភាពជាបន្តបន្ទាប់ក្រោយត្រឡប់មកកម្ពុជាវិញ តាមរយៈដៃគូសហការក្នុងស្រុក។

តាមរយៈការប្តេជ្ញាចិត្ត និងកិច្ចសហការនេះ IHH Healthcare Malaysia នឹងបន្តពង្រីកលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាព គុណភាព និងទំនុកចិត្តខ្ពស់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។









