ប្រទេសជាច្រេីនបន្ដផ្ដល់ជំនួយដល់វេណេស៊ុយអេឡា ដែលរងគ្រោះធ្ងន់ពីការរញ្ជួយដី
ការ៉ាកាស៖ រញ្ជួយដីដ៏ខ្លាំងពីរលើកបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ និងជាប់គាំងរាប់រយនាក់នៅក្រោមគំនរបាក់បែក ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នករស់រានមានជីវិត និងការគាំទ្រពីអន្តរជាតិបានហូរចូលប្រទេសអាមេរិកខាងត្បូង ដែលរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ។
យោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) រញ្ជួយដីទាំងនេះ ដែលមានកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលតិចជាងមួយនាទី។
រញ្ជួយដីលើកដំបូងបានកើតឡើងនៅជម្រៅ ២០.៣ គីឡូម៉ែត្រ បន្ទាប់មករញ្ជួយដីលើកទីពីរនៅជម្រៅ ១០ គីឡូម៉ែត្រ ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៣០០ នាក់រងរបួស និង ១៥៧ នាក់បាត់ខ្លួន។
គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ រញ្ជួយដីទាំងពីរបានបង្កឱ្យមានការរញ្ជួយដីជាបន្តបន្ទាប់ចំនួន ១៣៨ ដង នេះបើយោងតាមលោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍។ រដ្ឋាភិបាលបានប្រកាសតំបន់ជាច្រើន រួមទាំងរដ្ឋ La Guaira ជាតំបន់គ្រោះមហន្តរាយ ក្នុងចំណោមការរញ្ជួយដីជាបន្តបន្ទាប់។
USGS បានចេញការព្រមានពណ៌ក្រហមបន្ទាប់ពីការរញ្ជួយដី ដោយព្រមានអំពីអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរ ការខូចខាតយ៉ាងទូលំទូលាយ និងការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ ការធ្វើគំរូដំបូងពី USGS ប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់ចុងក្រោយអាចឡើងដល់ចន្លោះពី ១ម៉ឺនទៅ ១០ម៉ឺននាក់ ខណៈដែលការខាតបង់សេដ្ឋកិច្ចអាចមានចន្លោះពី ២ភាគរយទៅ ១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវេណេស៊ុយអេឡា៕
ប្រែសម្រួល ឈូក បូរ៉ា









