បទវិភាគ”កាលានុវត្តភាពចិន២.0″៖”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”ផ្តល់ជាចម្លើយថា ចិនកំពុងចែករំលែកកម្លាំងចលករនៃការច្នៃប្រឌិតថ្មីជាមួយពិភពលោក
នៅថ្ងៃទី ២៥ ខែមិថុនា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៧ របស់បណ្តាអ្នកនាំមុខថ្មីនៃវេទិកាសេដ្ឋកិច្ចពិភពលោក(វេទិកាដាវ៉ូសរដូវក្តៅ)បានបិទបញ្ចប់នៅទីក្រុងដាលៀន ។ វេទិកាដាវ៉ូសរដូវក្តៅលើកនេះបានធ្វើឡើងក្រោមប្រធានបទ”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”ដែលបានស្រូបទាញការចូលរួមពីតំណាងគ្រប់មជ្ឈដ្ឋាននៅទូទាំងពិភពលោកចំនួនជាង ១៨០០ រូប ។ ភ្ញៀវកិត្តិយសជាច្រើនបានតាមដានយ៉ាងដិតដល់ព្រមទាំងកោតសរសើរចំពោះសមិទ្ធផលនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ហើយសម្គាល់ឃើញថា ការច្នៃប្រឌិតថ្មីនិងការបើកទូលាយរបស់ចិនបានក្លាយជាចំណុចគួរឱ្យកត់សម្គាល់សម្រាប់ពិភពលោកទាំងមូលក្នុងការឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ហើយកាលានុវត្តភាពដ៏ធំធេងនៃការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញថែមមួយកម្រិតទៀតនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលនិងជំរុញកំណើនសកលប្រកបដោយបរិយាបន្ន ។
បច្ចុប្បន្ននេះ ស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពស្មុគ្រស្មាញ ការជំរុញកំណើនសកលខ្វះកម្លាំងចលករថ្មី ហើយបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងក្នុងពេលថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកាថា ការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថ្មីគឺជាលេខសម្ងាត់គន្លឹះនៃការដែលសេដ្ឋកិច្ចចិនមាននិន្នាការដ៏ល្អប្រសើរក្នុងរយៈពេលយូរនិងឆ្ពោះទៅមុខបានកាន់តែយូរនិងកាន់តែរឹងមាំ ហើយប្រទេសចិនបានផ្តល់នូវ”ភាគលាភនៃនវានុវត្តន៍”កាន់តែច្រើនសម្រាប់ពិភពលោកទាំងមូលតាមរយៈវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យល្អប្រសើរឡើងនៃឧស្សាហកម្ម ។ ឆ្លងតាមរយៈវេទិកាលើកនេះ វាបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា៖ចិនកំពុងចែករំលែក”កាលានុវត្តភាពចិន២.0″ដែលមានកម្លាំងចលករនៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងក្លាជាមួយពិភពលោក ។
លោក Mirek Dusek នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ចិនបានក្លាយជាប្រទេសខ្លាំងក្លាខាងការច្នៃប្រឌិតថ្មីសកលដែលទទួលបានការវិវឌ្ឍដ៏លេចធ្លោក្នុងវិស័យ”ច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ” ក៏ដូចជាបង្ហាញពីសមត្ថភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិតនិងកំណែទម្រង់ឧស្សាហកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ។
តើភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិនមកពីណា ? ពោលគឺ ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ ទីផ្សារដ៏ធំធេងនិងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើកគឺជាទីបង្អែកនៃការជំរុញការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំរបស់ចិន ។ យោងតាម«របាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៥ »បង្ហាញឱ្យឃើញថា ចំណាត់ថ្នាក់ទាំងស្រុងរបស់ប្រទេសចិនបានឈរនៅលំដាប់លេខ ១០ ខាងមុខនៅលើពិភពលោកជាលើកដំបូង ហើយចំនួនក្រុមច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពូល ១០០ លើទូទាំងពិភពលោកបានជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៥ ចំនួនសហគ្រាសបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនមានចំនួនលើសពី ៦០០០ សហគ្រាស តាមការប៉ាន់ប្រមាណ ទំហំឧស្សាហកម្មស្នូលមានចំនួនលើសពីប្រមាណ១,២ទ្រីលានយាន់ប្រាក់ចិន ។
បើនិយាយចំពោះសហគ្រាសនៃប្រទេសនានា ”កាលានុវត្តភាពចិន២.0″ មានន័យថា ការផ្តល់កម្លាំងចលករតាមរយៈនវានុវត្តន៍ដោយគ្រប់ជ្រុងជ្រោយនិងឱកាសវិនិយោគដែលមានផលចំណេញខ្ពស់ ។ បើនិយាយចំពោះការអភិវឌ្ឍសកល ”កាលានុវត្តភាពចិន២.0″ មានន័យថា បច្ចេកទេសដ៏ជឿនលឿនដែលកាន់តែអាចក្តាប់ជាប់បាននិងការចែករំលែកសមិទ្ធផលជាមួយគ្នាដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ ។
ប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលចិនបានប្រកាស«ផែនការសកម្មភាពសម្រាប់ជំរុញការប្រើប្រាស់ទុនបរទេសប្រកបដោយស្ថិរភាពនិងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុនវិនិយោគពីបរទេស»ដែលបានបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់ទុនវិនិយោគពីបរទេសនៅក្នុងប្រទេសចិន ។ ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២៦ សហគ្រាសទុនវិនិយោគពីបរទេសជិត៤ពាន់សហគ្រាសបានបន្ថែមការវិនិយោគនៅប្រទេសចិនដែលបានបញ្ជាក់យ៉ាងពេញលេញនូវកម្លាំងទាក់ទាញនៃទីផ្សារចិននិងប្រព័ន្ធអេកូឡូស៊ីខាងនវានុវត្តន៍ ។
