Feature

រដ្ឋមន្រ្តីឡាវ ស្នើក្រសួងមហាផ្ទៃកម្ពុជា ចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានស្នើលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ។

ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃរៀបចំធ្វើជាម្ចាស់ផ្ទះ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ ដ្បិតក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយ ក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។

លោកឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានមានប្រសាសន៍លើកទឹកចិត្ត ប្រកបដោយអំណរសាទរ ជូនរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះ យ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោក ក៏បានចែករំលែកព័ត៌មានបន្ថែមថា នៅប្រទេសឡាវបច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ ពេលនេះនៅកម្ពុជា ពួកឧក្រិដ្ឋជននៅសេសសល់ ក៏កំពុងព្យាយាមប្រើវិធីសាស្រ្តថ្មីៗដើម្បីប្រព្រឹត្តបទល្មើសដែរ ដោយខ្លះជួលទីតាំងតូចៗ ដូចជាផ្ទះសំណាក់ និងផ្ទះធម្មតារបស់ប្រជាពលរដ្ឋ សម្ងំប្រព្រឹត្តបទល្មើសជាដើម។

បែបនេះក្ដី លោក បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋាន បានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក សមភាគីឡាវដែរថារហូតមកដល់ពេលនេះ មានជនបរទេសប្រមាណជាជាង៣៦ម៉ឺននាក់ហើយ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង បន្ទាប់ពីការចុះបង្ក្រាប និងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏សង្កត់ធ្ងន់ជាថ្មី អំពីការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបោសសម្អាតបទល្មើសមួយនេះ ស្ដារកេរ្តិ៍ឈ្មោះ និងជួយសង្គ្រោះមនុស្សជាតិលើពិភពលោក៕

To Top