អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយ រដ្ឋបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នារសៀលអថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងភាពសុខដុមរមនា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក), លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក ខូយ រីដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោកបណ្ឌិត ជិន ម៉ាលីន។ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការចុះ MoU នេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តពោធិ៍សាត់ ក្នុងការផ្តល់ជម្រើសបន្ថែមជូនប្រជាពលរដ្ឋដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ រដ្ឋបាលខេត្តត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ អ.ដ.ក ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋាន និងធានាថាការសម្រុះសម្រួលវិវាទនានា នឹងផ្តល់នូវយុត្តិធម៌ ប្រកបដោយការយល់ចិត្តគ្នា និងរក្សាបាននូវសាមគ្គីភាពក្នុងសង្គម។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ជិន ម៉ាលីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃការលើកកម្ពស់នីតិរដ្ឋ និងការផ្តល់សេវាយុត្តិធម៌ដែលងាយស្រួល ឆាប់រហ័ស និងចំណាយតិចសម្រាប់ប្រជាពលរដ្ឋ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ មិនមែនគ្រាន់តែជាក្រដាសស្នាមនោះទេ ប៉ុន្តែវាជាការដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែងដើម្បីដោះស្រាយបញ្ហាវិវាទនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ លោកសូមជំរុញឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ យកចិត្តទុកដាក់បណ្តុះបណ្តាលអ្នកសម្រុះសម្រួលវិវាទឱ្យមានចំណេះដឹងផ្នែកច្បាប់ និងជំនាញវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យការសម្រុះសម្រួលនេះទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ គោលដៅចុងក្រោយរបស់យើង គឺការកាត់បន្ថយវិវាទតាមរយៈការផ្សះផ្សា ដែលនាំមកនូវសុខដុមរមនា និងការអភិវឌ្ឍនៅមូលដ្ឋាន។

ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ការផ្តល់សេវាដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕


អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
