អាវុធហត្ថខេត្តកំពង់ស្ពឺ សហការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ កំពុងសម្រាក់ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត
កំពង់ស្ពឺ៖ កាលពីថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលកំពុងជួបការលំបាកផ្សេងៗ បានចាត់ឲ្យលោកអនុសេនីយ៏ឯក ស្រេង លីហួរ ជាបន្ទាន់បំផុតអោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី សាន ស្រីពៅ ភ្លាមតែម្តង។ ដោយបច្ចុប្បន្នប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់ រនិងទទួលបន្ទុកចិញ្ចឹមកូនស្រីម្នាក់ មានអាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ភ្លាមលោកអនុសេនីយ៏ឯក ស្រេង លីហួរ នាយការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានធ្វើការទំនាក់ទំនងនិងទៅជួបប្អូនស្រីដោយផ្ទាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) រាជធានីភ្នំពេញ។ជាក់ស្តែង ឃើញថាប្អូនស្រី សាន ស្រីពៅ មានសភាពធ្ងន់ធ្ងរ មានរោគសញ្ញា ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ កំពុងសម្រាក់ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត ហើយស្នើរសុំឈាមចំនួន៣សាក់ជាបន្ទាន់ផងដែរ។(ឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដ គឺពិតជាមានតម្លៃមហាសាល រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្តូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រឡប់មកវិញពីសេចក្តីស្លាប់)។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយក្តីអាណិតអាសូរពន់ពេក ចំពោះស្ថានភាពរបស់ប្អូនស្រីនាពេលនេះ បានសម្របសម្រួលដោះស្រាយភ្លាមៗដោយបានអោយលោកអនុសេនីយ៏ឯក ស្រេង លីហួរ ធ្វើការសហការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ ដែលមានសភាពធ្ងន់ធ្ងរ ខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម សម្ពាធឈាមខ្សោយ នាពេលនេះ៕



