លោក ប៉ែន បូណា ៖ កម្ពុជាដាច់ខាត មិនបោះបង់កាតព្វកិច្ច ទាមទារទឹកដីឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍អះអាងថា ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ដាច់ខាតមិនបោះបង់កាតព្វកិច្ច ក្នុងការទាមទារទឹកដីពីភាគីថៃ ដណ្តើមកាន់កាប់ដោយខុសច្បាប់មកវិញឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកប៉ែន បូណាបានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាស ចំពោះមុខប្រជាជាតិខ្មែរថា «ការការពារទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់ កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាននិងកំពុងខិតខំដោះស្រាយ បញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ»។
លោកបន្តថា ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់ចំពោះមុខប្រជាជាតិខ្មែរថា «កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព តែដាច់ខាតមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ មិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន។ ចំណែកឯជំហរច្បាស់លាស់ និងដាច់ខាតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា គឺជាសក្ខីភាពនៃភាពម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពាន ខណៈដែលកម្លាំងមហាសាមគ្គី ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ គឺជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ៕
