Feature

កម្ពុជា-ឡាវ-វៀតណាម សហការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងបី

ភ្នំពេញ ៖ កម្ពុជា-ឡាវ-វៀតណាម បានប្ដេជ្ញាសហការគ្នាផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការ ទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ ប្រឆាំងបដិវត្តពណ៌ និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងបី។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ដើម្បីជំរុញអនុវត្តស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ ឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត អង្គប្រជុំ បានអនុម័តសេចក្តីប្រកាសរួម ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ទៅលើកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

១- ការពង្រឹងទំនុកចិត្តនយោបាយ និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ដើម្បីថែរក្សា សន្តិភាពប្រទេសទាំងបី និងស្ថិរភាពតំបន់ ព្រមទាំងសណ្តាប់ធ្នាប់ក្នុងតំបន់ផ្អែកលើច្បាប់ អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងដោះស្រាយវិវាទដោយសន្តិវិធី។

២- ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការឆ្លើយតបចំពោះការគំរាមកំហែងនានា ដោយសហការគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ជាអាទិ៍ អំពើភេរវកម្ម អំពើជួញដូរ មនុស្ស គ្រឿងញៀនខុសច្បាប់ អាវុធខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាប្រឈមមិនប្រពៃណីផ្សេងៗ ដូចជា ជំងឺរាតត្បាត និងគ្រោះធម្មជាតិជាដើម ព្រមទាំងសហការផ្លាស់ប្តូរព័ត៌មានដើម្បីបង្ការ ទប់ស្កាត់ សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ ប្រឆាំងបដិវត្តពណ៌ និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងបី។

៣- ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមព្រំដែន ដោយសហការរក្សាព្រំដែន សន្តិភាព សំដៅអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតាមខេត្តជាប់ព្រំដែន ស្របតាមច្បាប់ជាតិ ព្រមទាំងពង្រឹងយន្តការទំនាក់ទំនងគាំទ្រដល់ ការកសាងសមត្ថភាព និងការសម្របសម្រួលដល់មន្ត្រីជួរមុខនៅតាមព្រំដែនឱ្យបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព ។

៤- ការពង្រឹងមិត្តភាព និងផ្លាស់ប្តូរបទពិសោធ ដោយធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងការហ្វឹកហាត់ បច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់សាមគ្គីភាព តាមរយៈការរៀបចំកម្មវិធី វប្បធម៌ កីឡា ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ជាពិសេសក្នុងចំណោមយុវជន និងមន្ត្រីអនុវត្តច្បាប់បន្តវេន ។

សូមរំលឹកថា បន្ទាប់ពីទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងមហាផ្ទៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ ដោយមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាថ្ងៃទី៣០ មិថុនា នៅទីស្តីការក្រសួងមហាផ្ទៃ៕

To Top