ក្រសួងពាណិជ្ជកម្មចិន ប្រកាសដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីតាមដាន
ក្រសួងពាណិជ្ជកម្មចិនបានចុះផ្សាយដំណឹងតាមគេហទំព័រផ្លូវការរបស់ខ្លួនថា អនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិន និងលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មចិនសម្រេចដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ទៅក្នុងបញ្ជីតាមដាន ក្នុងនោះបូករួមទាំងក្រុមហ៊ុន Mitsui E&S Corporation ដែលមិនអាចបញ្ជាក់ពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយបំផុតនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចូលពីចិន។
ក្រសួងពាណិជ្ជកម្មចិននឹងធ្វើការត្រួតពិនិត្យកាន់តែតឹងរ៉ឹងចំពោះអង្គភាពក្នុងបញ្ជីតាមដានអំពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចេញពីចិន។
ការនាំចេញដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ខាងយោធានិងការប្រើប្រាស់ខាងយោធាជប៉ុន ព្រមនិងការប្រើប្រាស់ចុងក្រោយបំផុតទាំងអស់ដែលជួយពង្រឹងកម្លាំងយោធារបស់ជប៉ុននឹងមិនត្រូវបានអនុម័តទេ។
អនុលោមតាមមាត្រាទី ២៦ នៃលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន អង្គភាពនៅក្នុងបញ្ជីតាមដានអាចដាក់ពាក្យសុំដកចេញពីបញ្ជីតាមដានបន្ទាប់ពីការបំពេញកាតព្វកិច្ចដោយសហការជាមួយចិនដើម្បីធ្វើការត្រួតពិនិត្យ ហើយនឹងត្រូវដកចេញពីបញ្ជីតាមដាន បន្ទាប់ពីទទួលបានការពិនិត្យបញ្ជាក់ពីក្រសួងពាណិជ្ជកម្មចិន។
