អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការ កងទ័ពហ្វីលីពីន ពី AOT ថៃ ឆ្លងចូលមកដាំកូនឈើ នៅប្រាសាទខ្នារ ដោយគ្មានការអនុញ្ញាត
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង នៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតប្តឹង ទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន ប្រចាំប្រទេសថៃ AOT ចូលមកដាំកូនឈើនៅតំបន់ប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមលិខិតរបស់លោកផ្ញើ ទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពមួយ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំង ប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុង ដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជា នៅកម្រិតណាមួយឡើយ។

លោក វង្ស ពិសេន លើកឡើងថា ក្រោយចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។ ផ្ទុយទៅវិញ ភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃ យ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ ។ កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ “ខ”។ ទោះបីជាកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។

លិខិតបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទចាត់ទុកថា សកម្មភាពទាំងនេះ មិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញ ទំនុកចិត្ត ដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយ ប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។

លោក វង្ស ពិសេន មានប្រសាសន៍ថា ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាព នៃយន្តការ AOT លោកស្នើសុំការគាំទ្រពី ROMEO S. BRAWNER JR ក្នុងការពិនិត្យឡើងវិញ ចំពោះសកម្មភាពខាងលើ និងធានាថា នាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់ តាមលក្ខខណ្ឌយោង ដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាព ដែលរំពឹងទុកក្នុងបេសកកម្មនេះ ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុមAOT នឹងបន្តបំពេញតួនាទី តាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត៕





