លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខវីរៈកងទ័ពលោកអនុសេនីយ៍ត្រី ផាន់ ផល្លា ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងក្រុងច្បារមន
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសព ឈ្លាសវៃ ប្រកបដោយគុណធម៌ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ជាប្រចាំ ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១០.៣០នាទីព្រឹក នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌បានបន្តអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខវីរៈកងទ័ព លោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាងនៅគេហដ្ឋាន ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជាវីរៈកងទ័ពឈរជើងការពារបូរណភាពទឹកដី នៅទិសទី៣ ប្រាសាទតាមាន់ តាក្របី នាខេត្តឧត្តរមានជ័យ។

នាឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួបសំណេះសំណាលនិងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយពីជំងឺ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកអនុសេនីយ៍ត្រី ផាន់ ផល្លា ផងដែរ។ឆ្លៀតនាពេលនោះដែរលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

ជាទឹកចិត្តក្នុងបេះដូងមនុស្សធម៏ខ្មែរស្រលាញ់ខ្មែរ បានបរិច្ចាគជាថវិការផ្ទាល់ខ្លួនចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) និងគ្រឿងឧបភោគបរិភោគរួមមាន៖អង្ក១បាវ(៥០Kg),មីចំនួន១កេស,ទឹកសុទ្ធចំនួន២កេស,ភេសជ្ជៈ១កេស,ទឹកត្រីចំនួន១យួរ,ទឹកស៉ីអ៉ីវ១យួរ និងត្រីខ១យួរថែមទៀតក្នុងការឧបត្ថម្ភនាពេលនោះផងដែរ ដោយសរុបជាថវិការអស់ប្រមាណជា៧០៤,០០០រៀល៕




