គ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាសា្ថនភ្នែកនេប៉ាល់ បើកកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋខេត្តកំពង់ចាមឥតគិតថ្លៃ រយៈពេល២ថ្ងៃ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញបើកកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកប្រជាពលរដ្ឋខេត្តកំពង់ចាមឥតគិតថ្លៃរយ:ពេល ២ថ្ងៃ (៤-៥ ខែកក្កដា) ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាសា្ថនភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ដែលកម្មវិធីនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាការជួយគ្នាទៅវិញទៅមក ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរអំពីសុខមាលភាពសង្គម ជាពិសេសគឺការលើកគុណភាពជីវិត និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលសម្ដេចបានខិតខំដាក់ចេញនូវកម្មវិធីនយោបាយនានា ជាពិសេស ការបង្កើតជាដៃគូ ពោលគឺឲ្យរដ្ឋបាលខេត្ត ចាប់ដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីនាំមកនូវការការពារ រក្សាបាននូវអត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ។

ដូច្នេះហើយទើបថ្ងៃនេះ មានវត្តមានក្រុមគ្រូពេទ្យឯកទេសភ្នែក ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតនេប៉ាល់ គឺជាការចាប់ដៃគូជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រោមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសុខភាពនេះតែម្ដង ដោយហេតុថា ប្រការដែលប្រជាពលរដ្ឋយើងមានសុខភាពល្អ គឺចំណេញថវិកា ក្នុងការចំណាយទៅលើការព្យាបាលសុខភាព។

លោកអភិបាលខេត្តបានបញ្ជាក់ថា អត្ថប្រយោជន៍ខាងលើនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជួយថែរក្សាសុខភាពប្រជាពលរដ្ឋយើងបានល្អ មិនមានជំងឺ អាចសល់ថវិកាសន្សំដើម្បីពង្រីកមុខរបរ ដើម្បីលើកកម្ពស់កម្រិតជីវភាព នៅក្នុងគ្រួសាររបស់ខ្លួនឲ្យកាន់តែមានភាពប្រសើរឡើង ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា









