កាតា អារ៉ាប់រួម និងប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាដឹកប្រេងកាតា នៅជិតច្រកសមុទ្រហ័រមូស
ដូហា៖ កាតា អារ៉ាប់រួម និងប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ថា (GCC) បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាដឹកប្រេងកាតានៅជិតច្រកសមុទ្រហ័រមូស ដោយកាតាបានកោះហៅឯកអគ្គរដ្ឋទូតរងរបស់អ៊ីរ៉ង់ ប្រចាំទីក្រុងដូហា ជុំវិញហេតុការណ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កាតា ចាត់ទុកអ៊ីរ៉ង់ថា «ទទួលខុសត្រូវទាំងស្រុងតាមផ្លូវច្បាប់» ចំពោះការវាយប្រហារ និងការខូចខាត និងផលវិបាកណាមួយដែលកើតឡើង ដោយជំរុញឱ្យទីក្រុងតេអេរ៉ង់ បញ្ឈប់ការអនុវត្តបែបនេះទាំងអស់ជាបន្ទាន់។
ក្រោយមកនៅថ្ងៃនោះ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយថា ខ្លួនបានប្រគល់កំណត់ចំណាំតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ប្រចាំទីក្រុងកាតា ដែលខ្លួនបានជំរុញឱ្យទីក្រុងតេអេរ៉ង់ ផ្តល់ការបំភ្លឺជាបន្ទាន់ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារការកើតឡើងវិញ និងគោរពតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ។
ប្រភពបានឲ្យដឹងថា កាតារក្សាសិទ្ធិទាំងអស់របស់ខ្លួនក្នុងការចាត់វិធានការណាមួយ ដែលខ្លួនយល់ថាសមស្រប ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ និងសមត្ថភាពរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Emirates News Agency ក្រសួងការបរទេសអារ៉ាប់រួម បានហៅការវាយប្រហារនេះថាជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ដល់សុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍អន្តរជាតិ និងជា «ការកើនឡើងដ៏គ្រោះថ្នាក់» ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៅក្នុងផ្លូវទឹកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា










