មូលនិធិហ្វេ្រតហូឡូ សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យដំណើរការផ្តល់សេវាពិនិត្យ និងវះកាត់ភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកពញាក្រែក
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយតំណាងមូលនិធិ Fred Hollows Foundation ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញ ដែលកំពុងផ្តល់សេវាពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល និងពិនិត្យការផ្តល់សេវាឱ្យប្រព្រឹត្តទៅដោយមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សំដៅឆ្លើយតបតម្រូវការព្យាបាលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោកឱសថការី ផុល ពន្លឺ និងតំណាងមូលនិធិ ហ្វ្រេតហូឡូ ប្រចាំប្រទេសកម្ពុជា (Fred Hollow Foundations) បានសំណេះសំណាលជាមួយអ្នកជំងឺដែលកំពុងរង់ចាំទទួលសេវា ដោយបានសាកសួរអំពីស្ថានភាពសុខភាព និងការទទួលបានសេវាព្យាបាល ព្រមទាំងកោតសរសើរដល់ក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយស្តារចក្ខុវិស័យជូនប្រជាពលរដ្ឋ។

លោកក៏បានថ្លែងអំណរគុណចំពោះ មូលនិធិហ្វ្រេតហូឡូ ប្រចាំប្រទេសកម្ពុជា (Fred Hollow Foundations) ដែលបានបន្តសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក្នុងការគាំទ្រកម្មវិធីសុខភាពភ្នែកនៅកម្ពុជា ជាពិសេសការនាំយកក្រុមគ្រូពេទ្យជំនាញ និងសម្ភារវេជ្ជសាស្ត្រមកផ្តល់សេវាដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា៖ កម្មវិធីជាតិសុខភាពភ្នែក គឺបាននឹងកំពុងធ្វើការអនុវត្តការងារ ពិនិត្យ ព្យាបាល វះកាត់ ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយផ្តោតទៅលើជំងឺភ្នែកដូចជា៖ ជំងឺភ្នែកឡើងបាយ កន្ទុយថ្លែន និងជំងឺភ្នែកដទៃទៀត ហើយប្រជាពលរដ្ឋដែលមកទទួលសេវា នឹងទទួលបានការពិនិត្យសុខភាពភ្នែកនិងទទួលបានការ វះកាត់ ព្យាបាលជំងឺភ្នែក ផ្តល់ថ្នាំ និងវ៉ែនតា ដោយមិនគិតថ្លៃ សម្រាប់អ្នកដែលមានការចាំបាច់ ស្របតាមការវិនិច្ឆ័យរបស់គ្រូពេទ្យជំនាញ។

ហើយកម្មវិធីប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅក្នុងមន្ទីរពេទ្យបង្អែកពញាក្រែក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងបន្តបេសកកម្មទៅស្រុកដទៃទៀតក្នុងខេត្តត្បូងឃ្មុំផងដែរ ហើយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំក៏ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ឬមានរោគសញ្ញាមិនប្រក្រតី សូមអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាគុណភាពភ្នែក និងលើកកម្ពស់គុណភាពជីវិត៕




អត្ថបទដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/









