ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ជួបពិភាក្សាគ្នាអំពី បញ្ហាសន្តិសុខ នៅច្រកសមុទ្រ Hormuz

បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអូម៉ង់
លោកSayyid Badr bin Hamad Al Busaidi បានជួបកាលពីថ្ងៃពុធ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត
ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ដើម្បីពិភាក្សាអំពីសន្តិសុខ ដែនសមុទ្រនៅច្រកសមុទ្រ Hormuz ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍន៍ក្នុងតំបន់ទាក់ទង នឹងការរុករកតាមច្រកសមុទ្រ Hormuz និងបានគូស
បញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃផ្លូវទឹកចំពោះពាណិជ្ជកម្ម និងថាមពលពិភពលោក នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលចេញដោយក្រសួង ការបរទេសអូម៉ង់។

សេចក្តីថ្លែងការណ៍បានសរសេរថា ពួកគេបានជំរុញដំណោះស្រាយការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងការពារសុវត្ថិភាពនិងសេរីភាព នៃការធ្វើនាវាចរណ៍តាមសមុទ្រ។

រដ្ឋមន្ត្រីក៏បានពិនិត្យទំនាក់ ទំនងទ្វេភាគី និងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការសម្របសម្រួលប្រកប ដោយនិរន្តរភាពផងដែរ។

គួរឲ្យដឹងដែរថាបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពីយប់ថ្ងៃអង្គារដល់ថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀតនៅយប់ថ្ងៃដដែលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top