ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ រាជរដ្ឋាភិបាល មិនបានមើលឃើញភាពមិនប្រាកដប្រជា របស់សកលលោកជាឧបសគ្គនោះទេ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា រាជរដ្ឋាភិបាល មិនបានមើលឃើញភាពមិនប្រាកដប្រជា របស់សកលលោកជាឧបសគ្គនោះទេ។

ការបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្ររបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានរំឮកអំពីភាពជោគជ័យនៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅ ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ខណៈពេលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច
លោក ក៏បានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា «រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជារបស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយវាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលរលកនៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល»។

វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំឮកដល់កិច្ចប្រជុំយុទ្ធសាស្ត្រនាពេលថ្មីៗកន្លងទៅ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្តោតការពិភាក្សាលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវ ការដឹកជញ្ជូននាំចេញ-នាំចូល និងប្រព័ន្ធភស្តុភារកម្មជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នាពួតដៃកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជាឆ្នាំ២០៥០» ជាប្រទេសមានចំណូលខ្ពស់៕









