Feature

ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ នៅកម្ពុជា ផលិតមាសបាន២០តោន គិតត្រឹមឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ដោយវិស័យនេះ កំពុងដើរយ៉ាងសំខាន់ តាមរយៈការ​បង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។ នេះបើយោងតាមការបញ្ជាក់ពី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ​ លើការងារអាជីវកម្មរ៉ែខ្សាច់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនេះ លោកក៏បានលើកឡើងជុំវិញការផ្តល់អាជ្ញាបណ្ណ សម្រាប់អាជីវកម្មរ៉ែមាស គិតត្រឹមឆមាសទី២ ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណចំនួន១៥ គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ កំពង់ធំ បាត់ដំបង កំពត បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ក្នុងនោះមាន ៧ គម្រោង បានកំពុងធ្វើ ប្រតិបត្តិការអាជីវកម្ម និង ៨គម្រោងផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការដ្ឋាននៅឡើយ។

លោកបន្តថា នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនទាំង៧ផលិតមាសបានប្រមាណ ៣,៦ តោន និងប្រមូលសួយសារពី រ៉ែមាស បានចំនួនសរុប ១២,៦ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ ដោយមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀត។ ទាក់ទិនការធ្វើអាជីវកម្មរ៉ែមាសនេះ បើចាប់គិតពីឆ្នាំ២០២០ មកដល់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទាំង៧ ផលិតមាសបានប្រមាណចំនួន២០តោន ពោលគឺ វិស័យរ៉ែបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេស និងបានលើកកម្ពស់ខឿន សេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ៕

To Top