អូម៉ង់និងអ៊ីរ៉ង់ ព្រមព្រៀងក្នុងការបន្តកិច្ចពិភាក្សាគ្នា ជុំវិញបញ្ហាច្រកសមុទ្រ Hormuz
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញ ពីទីភ្នាក់ងារសារព័ត៌មាន Oman បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសអូម៉ង់ និងអ៊ីរ៉ង់បានយល់ព្រមបន្ត កិច្ចពិភាក្សាបច្ចេកទេស និងនយោបាយស្តីពី ការធ្វើដំណើរ តាមច្រកសមុទ្រ Hormuz ។
របាយការណ៍ បាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នា នៅទីក្រុង Muscat ស្តីពីការធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រ ដោយមើលឃើញពីការវិវត្តន៍ថ្មីៗ នាពេលកន្លងមក។
ភាគីទាំងពីរ ក៏បានយល់ព្រមបន្តការពិភាក្សា ទាំងកម្រិតបច្ចេកទេស និងនយោបាយក្នុងគោលបំណង ឈានដល់ការយល់ដឹងចាំបាច់ ស្របតាមច្បាប់អន្តរជាតិ ផងដែរ។
យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នឹងទៅបំពេញទស្សនកិច្ច នៅអូម៉ង់នៅថ្ងៃ សៅរ៍សម្រាប់ ការពិគ្រោះយោបល់ស្តីពី ច្រកសមុទ្រ Hormuzនេះបន្ថែមទៀត ។
គួរឲ្យដឹងដែរថា កិច្ចពិភាក្សានេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីមានការ ផ្លាស់ប្តូរការវាយប្រហារ នាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឡើងដោយការចោទប្រកាន់ របស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ស៊ុនលី









