ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងប្រឈមនឹង កំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយ និងបញ្ហាបំណុល ខណៈដែលភាពតានតឹងអន្តរជាតិ ចាប់ផ្តើមកើនឡើងកម្តៅជាថ្មី

បរទេស៖ អ្នកសេដ្ឋកិច្ចលេចធ្លោរម្នាក់បានព្រមានថា ប្រទេសថៃ នៅតែត្រូវបានកម្រិតដោយសារការថមថយនៃកំណើនសេដ្ឋកិច្ច និងតារាងតុល្យការដ៏ទន់ខ្សោយ ចំពេលដែលមានភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា លោកបណ្ឌិត Pipat Luengnaruemitchai នាយកគ្រប់គ្រង និងជាប្រធានអ្នកសេដ្ឋកិច្ច នៃក្រុមហ៊ុន Kiatnakin Phatra Financial Group បាននិយាយថា ប្រទេសថៃបានទទួលផលប្រយោជន៍ ពីការនាំចេញកាន់តែខ្លាំងតាមរយៈខ្សែច្រវាក់ផ្គត់ផ្គង់អេឡិចត្រូនិក និងការកើនឡើងនៃការវិនិយោគ លើផ្នែកបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែការលូតលាស់សេដ្ឋកិច្ច នៅតែមានកម្រិតខ្សោយបើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់។

លោកបានថ្លែងថា «ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ពិតជាកំពុងទទួលបានផលប្រយោជន៍ពីនិន្នាការនេះ។ ខណៈពេលដែលប្រទេសថៃ កំពុងមានកំណើនក្នុងរង្វង់ប្រហែល ២,៥ ភាគរយ ប្រទេសផ្សេងទៀត នៅក្នុងតំបន់នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងនេះ។ ដូច្នេះ ខ្ញុំគិតថានេះជាពេលវេលាដ៏ល្អសម្រាប់តំបន់ ជាពិសេសសម្រាប់ប្រទេសទាំងឡាយណាដែលទទួលបានផលប្រយោជន៍ពីខ្សែច្រវាក់ផ្គត់ផ្គង់អេឡិចត្រូនិក និងការចំណាយទុនវិនិយោគលើផ្នែក AI»។

ខណៈដែលទិន្នន័យចុងក្រោយបង្អស់បង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ត្រូវបានព្យាករណ៍ ដោយធនាគារកណ្តាលថៃថា នឹងឈានដល់ ២,៣ ភាគរយនៅឆ្នាំនេះ ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងរីកចម្រើនក្នុងកម្រិត ៦,៥ ភាគរយ ហើយប្រទេសវៀតណាមនឹងមានកំណើនជាង ៨ ភាគរយ។

លោកបណ្ឌិត Pipat បានមានប្រសាសន៍ថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាភាពមិនប្រាកដប្រជា ជុំវិញច្រកសមុទ្រ Hormuz អាចនឹងដាក់សម្ពាធម្តងទៀតលើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយលោកបានបន្ថែមថា «ភាពប្រកួតប្រជែង តារាងតុល្យការដ៏ទន់ខ្សោយ និងស្ថានភាពបំណុលគ្រួសារកម្រិតខ្ពស់ នឹងបន្តទាញទម្លាក់ដំណើរការសេដ្ឋកិច្ច»។
ប្រែសម្រួលៈ ណៃ តុលា

To Top