Feature

អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ សំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យ

ភ្នំពេញ ៖ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ បានសំឡឹងឃើញកម្ពុជាថា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគាត់។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឱ្យ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា លោកទូតបានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលលោកបំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។

បើតាមឯកអគ្គរដ្ឋទូតអាល្លឺម៉ង កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេសឯកឧត្តមបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។

ជាកិច្ចឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ ។ សម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ សម្ដេចតេជោសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕

To Top