តម្លៃប្រេងកើនឡើង បន្ទាប់ពីភាពតានតឹង រវាងសហរដ្ឋ អាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មី ជាមួយនឹងការវាយប្រហារ លើគោលដៅថាមពលនានា
បរទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃពុធ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការបិទខ្ទប់ផ្លូវទឹកឡើងវិញ លើគ្រប់កំពង់ផែទាំងអស់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបើកការវាយ ប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា សម្រាប់ការជួញដូរពីរវគ្គជាប់ៗគ្នា ប្រេង Brent បានបិទក្នុងតម្លៃខ្ពស់បំផុត របស់ខ្លួនគិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ហើយប្រេង West Texas Intermediate (WTI) បានបិទក្នុងតម្លៃខ្ពស់បំផុតគិត ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា និងបានកើនឡើងបន្ថែមទៀត នៅក្នុងការជួញដូរព្រលឹមស្រាងៗនាថ្ងៃពុធ។
ប្រេង Brent បានកើនឡើង ១,៤៦ ដុល្លារ ឬ ១,៧២% ដល់ ៨៦,១៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេង WTI បានកើនឡើង ១,១១ ដុល្លារ ឬ ១,៤% ដល់ ៨០,៤០ ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងបានបិទដោយកើនឡើង ២% ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេលមួយខែកាលពីថ្ងៃអង្គារ ដោយសារការវាយប្រហារនានាបានធ្វើឱ្យការរំខានដល់ការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរនៅក្នុងច្រកសមុទ្រ Hormuz ដែលជាកន្លែងដែលប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិ រាវរបស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ មុនពេលសង្រ្គាមបានចាប់ផ្តើម។
កងទ័ពសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅព្រលឹមថ្ងៃពុធ សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមការវាយប្រហារជុំថ្មីមួយទៀត «ដើម្បីបន្តកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ដែលប្រើប្រាស់សម្រាប់វាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz»។
ប្រែសម្រួលៈ ណៃ តុលា









