អ្នកជីវវិទូសមុទ្រអាមេរិកម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសហ្វីលីពីន
ម៉ានីល៖ លោក Kent Carpenter អាយុ ៧៣ឆ្នាំ ដែលជាអ្នកជីវវិទូសមុទ្រអាមេរិក ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណ ៣នាក់បានចូលទៅក្នុងផ្ទះរបស់លោក នៅកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនជាមួយនឹងសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀត។
យោងតាមរបាយការណ៍ ដៃគូរស់នៅរបស់លោក Carpenter និងបងប្អូនរបស់លោកស្រី ត្រូវបានកំណត់ថា ជាបុគ្គលដែលមានចំណាប់អារម្មណ៍នៅក្នុងការស៊ើបអង្កេត។
អាជ្ញាធរបានឧ្យដឹងថា អ្នកស៊ើបអង្កេតបានរកឃើញភាពមិនស៊ីសង្វាក់គ្នានៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ត្រីនោះ។ ប៉ូលីសក៏បានឧ្យដឹងផងដែរថា រហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលភ្ជាប់បុគ្គលដែលមានចំណាប់អារម្មណ៍ទាំងពីរទៅនឹងការសម្លាប់នេះនៅឡើយទេ។
ប៉ូលីសបានបង្កើតក្រុមការងារស៊ើបអង្កេតពិសេសមួយ ដើម្បីស៊ើបអង្កេតការសម្លាប់នេះ និងតាមដានជនសង្ស័យ។ អាជ្ញាធរបានឧ្យដឹងថា ពួកគេមិនទាន់បានរកឃើញការចង្អុលបង្ហាញណាមួយថា ការងាររបស់លោក Carpenter ជាអ្នកជីវវិទូសមុទ្រមានទំនាក់ទំនងជាមួយការវាយប្រហារនោះទេ ទោះបីជាហេតុផល ដែលអាចកើតមានទាំងអស់នៅតែស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ។
គួរបញ្ជាក់ថា លោក Carpenter ធ្លាប់ជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Silliman និងជាសាស្ត្រាចារ្យដែលបម្រើការយូរនៅសាកលវិទ្យាល័យ Old Dominion នៅសហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ចំពោះការស្រាវជ្រាវរបស់លោកលើថ្មប៉ប្រះទឹក ផ្កាថ្ម និងជីវៈចម្រុះសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា









