Feature

អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ រួមគ្នាដាំឈើ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន

កំពង់ធំ៖  លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ រួមគ្នាដាំឈើដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន។

លោក សាយ គឹមឡម ថ្លែងក្នុងពិធីយុទ្ធនាការដាំកូនឈើនៅលើផ្លូវ ចូលទៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៦។

លោកបញ្ជាក់ថាការដាំដើមឈើនេះក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ធម្មជាតិ និងការថែរក្សាការពារបរិស្ថានរស់នៅ ការប្តេជ្ញាចិត្តលើការងារបរិស្ថាននិងការអភិវឌ្ឍបៃតងព្រោះដើមឈើ គឺជាប្រភពជីវិត និងជាខែលការពារធម្មជាតិដ៏មានតម្លៃមិនអាចខ្វះបាន។

លោកបន្តថាការដាំដើមឈើប្រណិតៗដូចជា គ្រញូង ធ្នង់ បេង និងនាងនួន ជាដើម មិនត្រឹមតែជួយដល់កិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្សល់ទុកនូវកេរមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។«ការដាំកូនឈើមួយដើមគឺស្មើនឹងការបង្កើតសួតធម្មជាតិមួយសម្រាប់សហគមន៍របស់យើង ហេតុនេះបងប្អូនប្រជាពលរដ្ឋនិងក្មួយៗយុវជនទាំងអស់ចូលរួមដាំដើមឈើនៅតាមគេហដ្ឋានតាមសាលារៀននិងទីសាធារណៈឱ្យបានគ្រប់ៗគ្នាហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការរួមគ្នាថែរក្សាការពារកូនឈើទាំងនោះឱ្យលូតលាស់ធំធាត់ល្អ»។ > 

ទន្ទឹមនឹងនេះ លោកនាយក លោកគ្រូអ្នកគ្រូ និងយុវជន សិស្សានុសិស្សបានបង្ហាញនូវទឹកចិត្តរំភើបសប្បាយរីករាយ ដោយស្នាមញញឹម និងសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមដាំកូនឈើជាមួយថ្នាក់ដឹកនាំ។បងប្អូនបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក សាយគឹមឡម ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន តែងតែបំផុសគំនិត និងដឹកនាំសកម្មភាពសម្អាតអនាម័យ និងដាំកូនឈើជាប្រចាំ ការយកចិត្តទុកដាក់លើការថែទាំឈើប្រណិត ជំរុញឱ្យមានការអភិរក្ស និងដាំដុះឡើងវិញនូវប្រភេទឈើកម្រៗ ដែលកំពុងប្រឈមនឹងការបាត់បង់ និងបានជួយសម្របសម្រួល ផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី ព្រមទាំងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យសាលារៀនមានបរិស្ថានសិក្សាល្អ មិត្តភាព និងបៃតង ។

សូមបញ្ជាក់ថា ការដាំដើមឈើប្រណីតនៅក្នុងឱកាសនេះជាប្រភេទឈើធ្នង់ដែលមានចំនួន៩0ដើម និងមានការចូលរួមពីមន្ត្រីរាជការកងកម្លាំង លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ដោយ៖ សំនៀង

To Top