Fujian Jinlu Daily Chemical ចាប់អារម្មណ៍វិនិយោគដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ។

ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. បានលើកឡើងពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន ៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។

ជាមួយគ្នានោះ, លោក Fu Laifa បានគោរពជម្រាបជូនបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នាទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតខ្សែច្រវាក់ផលិតកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លើសពីនេះទៅទៀត, ប្រសិនបើគម្រោងវិនិយោគនេះទទួលបានជោគជ័យ និងរីកចម្រើន, ក្រុមហ៊ុនមិនត្រឹមតែអាចឆ្លើយតបនឹងតម្រូវការទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចឈានទៅដល់ការនាំចេញផលិតផលសម្រេចរបស់ខ្លួនទៅកាន់ទីផ្សារបណ្ដាប្រទេសនានាក្នុងតំបន់ ថែមទៀតផង។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕









