CCFR Comment#បទវិភាគ៖ហេតុអ្វីបានជារបាយការណ៍ពាក់កណ្តាលឆ្នាំនៃសេដ្ឋកិច្ចចិនក្លាយទៅជាយុថ្កាស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល?
“បង្ហាញពីភាពធន់” ”លើសពីការប៉ាន់ប្រមាណ”និង”គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងសម្រេចបានយ៉ាងរលូន” ។ល។ នៅថ្ងៃទី ១៥ ខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលចិនបានចេញផ្សាយនូវរបាយការណ៍ស្តីពីការដំណើរការសេដ្ឋកិច្ចប្រចាំឆមាសទីមួយឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបាននាំគ្នាចាប់អារម្មណ៍និងពិភាក្សាយ៉ាងសកម្ម។ តាមការគណនាជាជំហានដំបូងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយឆ្នាំនេះ បើគិតតាមតម្លៃថេរ មានចំនួនលើសពី ៦៩ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៤,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ បើគិតតាមត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៥,០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ឯGDP នៃត្រីមាសទីពីរបានកើនឡើង ៤,៣ ភាគរយ ។ ប្រការនេះមិនត្រឹមតែបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចដែលបានគ្រោងទុកពេញមួយឆ្នាំក្នុង”ឆ្នាំចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ។

ចាប់តាំងពីដើមឆ្នាំនេះមក ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង ហើយកំណើនសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះជាទូទៅ ។ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបន្ទាបម្តងទៀតនូវការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ ឱ្យមកនៅត្រឹម ៣,០ ភាគរយ ក្នុងពេលជាមួយគ្នានេះ បានដំឡើងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចចិនឱ្យឡើងដល់ ៤,៦ ភាគរយ ។ ”របាយការណ៍ពាក់កណ្តាលឆ្នាំ”នៃសេដ្ឋកិច្ចចិនថ្មីបំផុតដែលចេញផ្សាយបានបញ្ជាក់រហូតដល់លើសពី
ការប៉ាន់ប្រមាណពីមជ្ឈដ្ឋានខាងក្រៅ៖សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលបន្តរក្សានិន្នាការអភិវឌ្ឍន៍ដែលមានដំណើរការស្ថិរភាពជាទូទៅ និងឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ ។
បើពិនិត្យមើលពី”របាយការណ៍”ឱ្យបានលម្អិតអាចឃើញពី”ស្ថិរភាព”ជាចំណុចលេចធ្លោ ។ បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន ហើយសម្រេចបានកំណើន ៤,៧ ភាគដោយឈរលើមូលដ្ឋាននេះ គឺ ពិតជារឿងដ៏វិសេសវិសាល ។ បើមើលពីរយៈពេលវែងអាចឃើញថា និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលដំណើរការប្រកបដោយភាពនឹងនរនិងឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់មិនបានកែប្រែទេ ។ នៅក្នុងឆមាសទីមួយឆ្នាំនេះតម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិន បានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំនៃការលក់រាយទំនិញប្រើប្រាស់និងសេវាកម្មក្នុងសង្គមបានកើនឡើង ២,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយឱកាសការងារមានភាពនឹងនរជាទូទៅ ។ល។ ម៉ាក្រូសេដ្ឋកិច្ចទាំងមូលរបស់ចិនមានដំណើរការស្ថិរភាពជាទូទៅ ដែលនៅតែជា”យុថ្កាស្ថិរភាព”សម្រាប់សេដ្ឋកិច្ចសកលដដែល ។
“ស្ថិរភាព”នៃស្ថានភាពទូទៅនៃសេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់នៃការអភិវឌ្ឍម្តងទៀត ។ សូមលើកយកការនាំចេញនាំចូលជាឧទាហរណ៍ នៅក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មទំនិញរបស់ចិនបានកើនឡើង ១៦,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចូលមានចំនួនលើសពី ១០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ កើនឡើង ២២,១ ភាគរយដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសចំនួន ៦៣ ហើយទំហំនាំចូលរបស់ប្រទេសចិនបានឈរនៅលំដាប់ថ្នាក់ទីពីរនៅទូទាំងពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។
នាពេលបច្ចុប្បន្ននេះ កត្តាមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅដែលយើងបាននិងកំពុងប្រឈមមុខ គឺមានច្រើនបង្គួរ ”បញ្ហាអំពីការផ្គត់ផ្គង់ខ្លាំង តែតម្រូវការខ្សោយ” គឺលេចធ្លោនៅក្នុងស្រុក ។ ប៉ុន្តែនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ បានផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ការសម្រេចបាននូវគោលដៅនៃកំណើនសេដ្ឋកិច្ចដែលបានគ្រោងទុកពេញមួយឆ្នាំ ។ ស្របពេលដែលប្រទេសចិនជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥” កម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ចនឹងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។ ដូច្នេះក៏មិនពិបាកយល់ដឹងថា ហេតុអ្វីបានជាមជ្ឈដ្ឋានខាងក្រៅនាំគ្នាពិភាក្សាយ៉ាងទូលំទូលាយអំពី”កាលានុវត្តភាពចិន២.0″ និងហេតុអ្វីបានជាប្រធានប្រតិបត្តិ(CEO)កាន់តែច្រើនឡើងៗចាត់ទុកតំបន់ដីគោកនៃប្រទេសចិនថាជាគោលដៅវិនិយោគលំដាប់កំពូលទាំង៣នៅទូទាំងពិភពលោក ។ ពីព្រោះការពិតជាក់ស្តែងបានបញ្ជាក់ជាបន្តបន្ទាប់ថា ប្រទេសចិនគឺជា”យុថ្កាស្ថិរភាព”និងជា”ប្រភពកម្លាំងចលករ”សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ៕









