អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធ បន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ។

លោក អ៊ុន ចាន់ដា បានជំរុញដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រព្រឹត្តទៅនៃអង្គប្រជុំ ជាវេទិកាដែលបានអនុញ្ញាតឱ្យសមាជិក សមាជិការ បានស្តាប់ និងចូលរួមនូវការលើកឡើងពីសមិទ្ធផល បញ្ហាប្រឈម ចំណុចខ្វះខាត ដែលបានអនុវត្ត និងជួបប្រទះ នៅតាមមូដ្ឋាននីមួយៗ។

លោក អ៊ុន ចាន់ដា បានគូបញ្ជាក់ថា អ្វីដែលយើងទទួលបាននៅក្នុងកិច្ចប្រជុំនេះ នឹងជួយយើងបន្ថែមទៀត ក្នុងការដឹកនាំ អនុវត្ត និងរៀបចំផែនការអនុវត្ត ក៏ដូចជាផែនការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបបានយ៉ាងត្រឹមត្រូវ ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផង ឆ្លើយតបនឹងកម្មវិធី គោលនយោបាយជាតិផង និងពិសេសឆ្លើយតបទៅនឹងសំណើ សំណូមពរ សេចក្តីត្រូវការ ក្ដីកង្វល់ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅនឹងមូលដ្ឋានផ្ទាល់ផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងបញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើង រងគ្រោះដោយសារឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងសម្រាប់ប្រព្រឹត្ត អំពើឆបោកតាមបច្ចេកវិទ្យា ឧក្រិដ្ឋកម្មនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ទាំងវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ច ព្រមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀត។

ទន្ទឹមនឹងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការបង្ក្រាប ការបោសសម្អាត Online Scam នៅតែបន្តយ៉ាងក្ដៅគគុក យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិច
បោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន។ សូមឱ្យមានការផ្សព្វផ្សាយឱ្យទូលំទូលាយ គោលនយោបាយ«ភូមិ-ឃុំ មានសុវត្ថិភាព» អនុក្រឹត្យលេខ ០៣របស់រាជរដ្ឋាភិបាល និងច្បាប់នានា តាមវេទិកាសាធារណៈ និងការចុះជួបប្រាស្រ័យទាក់ទងដោយផ្ទាល់
ជាមួយប្រជាពលរដ្ឋ និងត្រូវបន្តនិរន្តភាពសម្រាប់យុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams ជាពិសេស ត្រូវបន្តទប់ស្កាត់លំហូរឧក្រិដ្ឋជនពីខាងក្រៅ ដែលមានបំណងសម្ងំលាក់ខ្លួន ដើម្បីបង្កើតសកម្មភាព Online Scams។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា









