ព័ត៌មានអន្តរជាតិ

រុស្ស៊ីវាយប្រហារ ទៅលើរោងចក្រផលិតដ្រូន និងកំពង់ផែ របស់អ៊ុយក្រែន នៅសមុទ្រខ្មៅ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានវាយប្រហារចំគោលដៅយ៉ាងជាក់លាក់មួយជុំទៀតនៅពេលយប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធ យោធា-ឧស្សាហកម្ម និងកំពង់ផែរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមក្រសួងការពារជាតិ គឺការវាយប្រហារទាំងនោះ បានដៅចំលើទីតាំងឧស្សាហកម្មការពារជាតិ នៅក្នុងទីក្រុងគៀវ (Kiev) ដែលពាក់ព័ន្ធនឹងការផលិត និងការរក្សាទុកដ្រូន (យន្តហោះគ្មានមនុស្សបើក) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ Odessa និងកំពង់ផែ Yuzhny ដែលត្រូវបានប្រើប្រាស់សម្រាប់ទទួល និងរក្សាទុកទំនិញយោធា និងប្រេងឥន្ធនៈ។

ស្តុកផ្ទុកប្រេងឥន្ធនៈចំនួនប្រាំ ដែលបម្រុងទុកសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន ក៏ត្រូវបានរងការវាយប្រហារផងដែរ។

ក្នុងចំណោមគោលដៅនៅក្នុងទីក្រុងគៀវ រួមមានទីតាំងឧស្សាហកម្មមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនភស្តុភារ Rapid PJSC ដែលក្រសួងបាននិយាយថា ជាកន្លែងដំឡើង និងរក្សាទុកដ្រូន ប្រភេទស្លាបថេរ (fixed-wing UAVs) ចម្ងាយមធ្យមនិងចម្ងាយឆ្ងាយ ព្រមទាំងគ្រឿងបន្លាស់ផលិត នៅបរទេសដែលប្រើប្រាស់សម្រាប់ការផលិតដ្រូនទាំងនោះ។

គោលដៅមួយទៀត គឺកន្លែងរក្សាទុកដ្រូន របស់សហគ្រាសវិទ្យុ-អេឡិចត្រូនិក Kiev-1 ដែលជាកន្លែងដំឡើង និងរក្សាទុកដ្រូនវាយប្រហារ ចម្ងាយឆ្ងាយប្រភេទ AN-196 Lyuty, ដ្រូនស៊ើបការណ៍ប្រភេទ Leleka-100 និងគ្រឿងបន្លាស់សម្រាប់ម៉ូដែលដ្រូនផ្សេងៗទៀត។

To Top