កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃស្នាក់ការចុងឃ្នៀស បានសហការជាមួយខណ្ឌរដ្ឋបាលជលផលសង្កាត់ចុងឃ្នៀស ដោយមានកម្លាំងចូលរួមសរុបចំនួន ៤៦ នាក់ និងប្រើប្រាស់កាណូតស្មាច់ចំនួន ៩ គ្រឿង ក្រោមការដឹកនាំផ្ទាល់របស់លោក ហាយ យង់ អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជីវៈចម្រុះ។

សូមជម្រាបផងដែរថាទីតាំងប្រតិបត្តិការ គឺស្ថិតនៅចំណុចពពាយអូតំ (UTM 362594-1463177) ស្ថិតក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងចម្រុះបានរកឃើញករណីលួចដាក់ឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍អ៊ុយស្បៃមុង) ដោយជនអនាមិកដាក់ជាច្រើនកន្លែង ហើយក៏បានធ្វើការរុះរើ និងបំផ្លាញចោលនៅនិងទីតាំងបង្ក្រាបតែម្ដងរួមមានដូចជា លូស្បៃមុង ចំនួន ១១៥ គ្រឿង របាំងស្បៃមុង ប្រវែងប្រមាណ ៥,៥០០ ម៉ែត្រ បង្គោលចម្រឹង ប្រមាណ ១,២៥០ ដើម នឹងការសង្គ្រោះជីវៈចម្រុះ ដោយបានដោះលែងត្រីចម្រុះ ប្រហែល ១០០ គីឡូក្រាម ប្រលែងចូលចូលទៅក្នុងបឹងទន្លេសាបវិញផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល









