កម្ពុជានៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រមព្រៀងផ្សេងទៀតដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោកថា “កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក” ។
អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់គ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងថៃ។
លោកប៉ែន បូណាបន្ថែមថា ការតវ៉ានេះដើម្បីសបញ្ជាក់ថា បន្លាលួស ទូរកុងតឺន័រ រួមទាំងសកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀតក្នុងតំបន់ដែលភាគីថៃបាននិងកំពុងកាន់កាប់ដោយខុសច្បាប់ មិនមែនជាខ្សែព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ពីព្រោះកម្ពុជានិងថៃមានខ្សែព្រំដែនអន្តរជាតិច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ៕









