Feature

រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចពិភាក្សាការងារ ជាមួយគណៈកម្មការទី៨ ព្រឹទ្ធសភា

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងកិច្ចពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។

កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាព ការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងខេត្ត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ សមិទ្ធផលសំខាន់ៗ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ ដោយបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការលើកកម្ពស់សេវាសាធារណៈ ការថែទាំសុខភាពប្រជាពលរដ្ឋ ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់សុខុមាលភាពសង្គម។

ជាការឆ្លើយតប លោកស្រី មាន សំអាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ហើយបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបន្តពង្រឹងគុណភាពការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយការយោគយល់គ្នា និងទទួលបានលទ្ធផលល្អ ដោយភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការអភិវឌ្ឍខេត្តពោធិ៍សាត់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

អត្ថបទដោយ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top