បទវិភាគ ៖ មិត្តភាពដែកថែបចិន-កម្ពុជា មានភាពរឹងមាំ ការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា បានឈានឆ្ពោះទៅជំហានថ្មីទៀត
“ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ២០២៦ គម្រោងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧បានដាក់ឱ្យប្រើប្រាស់ គម្រោងព្រែកជីកហ្វូណនតេជោទទួលបានការឧបត្ថម្ភសហហិរញ្ញប្បទានពីចិន…”នាពេលថ្មីៗកន្លងទៅនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងនានារវាងចិននិងកម្ពុជាត្រូវបានអនុវត្តជាបន្តបន្ទាប់ ទិន្នន័យពាណិជ្ជកម្មនិងវិនិយោគមានកំណើនកាន់តែខ្លាំង ហើយការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាបានឈានឆ្ពោះទៅជំហានថ្មីទៀត។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងកម្ពុជាបានជំរុញការកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម”និង”ច្រករបៀងមច្ឆានិងអង្ករ”ដែលធ្វើឱ្យខ្សែសង្វាក់សហប្រតិបត្តិការកាន់តែល្អពេញលេញ ហើយទំនាក់ទំនងខាងឧស្សាហកម្មក៏កាន់តែជិតស្និទ្ធផងដែរ ។ កាលពីថ្ងៃទី១៦ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចការងារនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថា ភាគីកម្ពុជារីករាយធ្វើការជាមួយភាគីចិន អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់មានភាពជិតស្និទ្ធនិងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលថ្មី ការតភ្ជាប់គ្នានិងវប្បធម៌មនុស្សជាតិជាដើម ដើម្បីជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលរវាងប្រទេសទាំងពីរ
ក្នុងយុគសម័យថ្មីទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងកម្ពុជាបានពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យបន្តគ្រប់ជំនាន់តាមរយៈការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនិងចំណងមេត្រីភាពរវាងចិននិងកម្ពុជាក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងទំនុកចិត្តគ្នាខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បានផ្តល់ដីដ៏មានជីជាតិនិងបរិយាកាសដ៏រស់រវើកសម្រាប់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងការតភ្ជាប់ដួងចិត្តប្រជាជនផងដែរ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជាមក មិត្តភាពដែលថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរបានបង្កើតផ្ទាល់ និងបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់នោះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរ ។ សមាជិកនៃរាជវង្សានុវង្សព្រះរាជាណាចក្រកម្ពុជាតែងតែយាងមកព្យាបាលថែទាំសុខភាពនៅប្រទេសចិន ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកក់ក្តៅដូចជា “ការទៅលេងសាច់ញាតិ” ផងដែរ ។
នៅពេលដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការអភិវឌ្ឍនិងសន្តិសុខកំពុងតែជួបនឹងបញ្ហាប្រឈម ចិនតែងតែជាអ្នកគាំទ្រនិងជាដៃគូអភិវឌ្ឍន៍ដ៏មុតមាំសម្រាប់វិបុលភាព ស្ថិរភាពនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
ទន្ទឹមនឹងការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជានឹងបន្តដំណើរទៅមុខយ៉ាងស៊ីជម្រៅ ដោយជួយឱ្យកម្ពុជាបញ្ចូលខ្លួនទៅក្នុងខ្សែសង្វាក់គុណតម្លៃសកល និងពន្លឿនការលើកកម្ពស់គុណភាពនិងកម្រិតឧស្សាហកម្ម ដើម្បីសម្រេចទស្សនទានស្តីពីការប្រែក្លាយជា”ប្រទេសដែលមានចំណូលមធ្យមនិងខ្ពស់នៅឆ្នាំ២០៣០”។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
និងជាប្រធានព្រឹទ្ធសភាកម្ពុជានៅប្រទេសចិននៅខែមិថុនា វេបសាយរបស់សារព័ត៌មាន«The Phnom Penh Post»បានចុះផ្សាយអត្ថបទថា ទំនាក់ទំនងកម្ពុជា-ចិនគឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដែលផ្អែកលើមូលដ្ឋាននៃសមភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងរួមគ្នាបង្កើតអនាគតកាន់តែភ្លឺស្វាងថែមទៀត ។ វេបសាយនៃសារព័ត៌មាន«The Star»របស់ម៉ាឡេស៊ីក៏បានផ្សាយដំណឹងឱ្យដឹងថា ចិនជាដៃគូពាណិជ្ជកម្មធំជាងគេនិងជាប្រភពវិនិយោគបរទេសសំខាន់របស់កម្ពុជា ហើយមានវិនិយោគិនចិនជាច្រើនកំពុងធ្វើអាជីវកម្មនៅកម្ពុជា ។
មិត្តភាព”ដែកថែប”ចិន-កម្ពុជាបានឆ្លងកាត់ការសាកល្បងនៃភាពប្រែប្រួលនយោបាយអន្តរជាតិ ហើយកាន់តែស្រស់បំព្រងនិងរឹងមាំដូចដែកថែប ដោយហេតុផលស្ថិតនៅត្រង់ថា គណបក្សនយោបាយ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរឱ្យតម្លៃនិងថែរក្សាប្រវត្តិសាស្ត្រនិងមិត្តភាពជាប្រពៃណីដោយស្មោះអស់ពីចិត្ត ហើយការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជាគឺសមស្របតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផលដល់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ។
សព្វថ្ងៃនេះ ការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាកំពុងអភិវឌ្ឍជាលំដាប់ ហើយសមិទ្ធផលនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិរក្សបុរាណវត្ថុនិងជំនួយផ្នែកវេជ្ជសាស្ត្រគឺសម្បូរបែប ។ នៅជំហានបន្ទាប់ ប្រទេសទាំងពីរនឹងបន្តផ្សព្វផ្សាយស្មារតីដែលតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាពចម្បង និងគាំពារមិត្តភាពចិន-កម្ពុជាឱ្យបានល្អដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ។
មិត្តភាព”ដែកថែប” នៃប្រទេសទាំងពីរ ប្រាកដជានឹងបញ្ចេញកម្លាំងជីវិតដ៏យូរអង្វែងថែមទៀតក្នុងយុគសម័យថ្មី ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្តល់ជាគំរូដ៏ច្បាស់លាស់ថែមទៀតសម្រាប់ការកសាងសហគមន៍ជោគវាសនារួមកាន់តែច្រើន
ទៀតផងដែរ ៕









