បទវិភាគ៖ ចេញដំណើរពីក្រុងសៀងហៃ ផែនការចិនបំភ្លឺផ្លូវអភិវឌ្ឍន៍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល
ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានប្រារព្ធធ្វើនៅក្រុងសៀងហៃប្រទេសចិន ។
កាលពីថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងមតិ ៤ ចំណុចស្តីពីការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលប្រកបដោយយុត្តិធម៌និងភាពសមហេតុផល ដែលបានឆ្លើយតបយ៉ាងស៊ីជម្រៅចំពោះវិញ្ញាសានៃយុគសម័យដែលនាំមកដោយការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងចង្អុលទិសដៅសម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។

“ផែនការចិននិងគោលនយោបាយស្តីពីបញ្ញាសិប្បនិម្មិតរបស់ចិនដែលលើកឡើងដោយលោកXi Jinping ប្រធានរដ្ឋចិនបានត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មទាំងមូល ហើយមនុស្សទាំងអស់លើផែនដីនឹងទទួលបានផលប្រយោជន៍ “ “ព័ត៌មានដែលលោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជូនគឺច្បាស់ណាស់ បញ្ញាសិប្បនិម្មិតគឺបម្រើដល់ផលិតផលសាធារណៈនិងវិបុលភាពរួម”… មតិអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ចិនផ្តួចផ្តើមឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយភាពវិជ្ជមាន ផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ក៏ដូចជាមានសុវត្ថិភាពនិងអាចគ្រប់គ្រងបាន ដោយបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ។
ពីការផ្តួចផ្តើមឱ្យបង្កើតអង្គការសហប្រតិបត្តិការខាងបញ្ញាសិប្បនិម្មិតពិភពលោកកាលពីឆ្នាំមុន រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការនេះនៅឆ្នាំ២០២៦នេះ ចិនបានរួមចំណែកជាផលិតផលសាធារណៈដ៏សំខាន់មួយទៀតជូនដល់ពិភពលោក ។ ក្នុងនាមជាអង្គការអន្តររដ្ឋាភិបាលដំបូងគេលើពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត វានឹង
មានអំណោយផលដល់ប្រទេសនានាក្នុងការតភ្ជាប់តម្រូវការ បទដ្ឋានច្បាប់និងស្តង់ដារនិងបង្កើនកិច្ចសហប្រតិបត្តិការ ហើយក្លាយជានិមិត្តសញ្ញាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ។
ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ហើយការមានសុវត្ថិភាពនិងអាចគ្រប់គ្រងបានគឺជាខ្សែបន្ទាត់ក្រហម ។ មានការវិភាគលើកឡើងថា ផ្ទុយពីគំនិតរបស់ប្រទេសប៉ែកខាងលិចមួយចំនួនដែលផ្តោតលើការគ្រប់គ្រងហានិភ័យ ឬការប្រកួតប្រជែងឧស្សាហកម្ម ផែនការចិនបានប្រកាន់ខ្ជាប់ទាំងការអភិវឌ្ឍនិងសុវត្ថិភាព ដើម្បីធានាឱ្យបញ្ញាសិប្បនិម្មិតស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សជាតិជាប់រហូត។ នេះបាននាំមកនូវការបំផុសគំនិតដ៏មានតម្លៃសម្រាប់ការជំរុញអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ។
អំពីការគាំទ្រការអភិវឌ្ឍបញ្ញាសិប្បនិម្មិតសកល ភាគីចិនមិនត្រឹមតែមានគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសកម្មភាពជាក់ស្តែងផងដែរ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ចិននឹងផ្តល់ឱកាសបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិមិ្មតចំនួន៥ពាន់នាក់ជូនចំពោះប្រទេសកំពុងអភិវឌ្ឍន៍ បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការខាងការប្រើប្រាស់បញ្ញាសិប្បនិមិ្មតអន្តរជាតិដែលផ្តោតលើអាស៊ាន សម្ព័ន្ធអារ៉ាប់ សហភាពអាហ្វ្រិក សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេសBRICS ជំរុញផែនការផ្តល់ភេរវសញ្ញាជាមុនស្តីពីស្ថានភាពឧតុនិយមឈ្មោះ “Mazu”ឱ្យអនុវត្តនិងប្រើប្រាស់នៅប្រទេសចំនួន៣០ ។វិធានការទាំង៣នេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកាន់តែច្រើនតាមរយៈបញ្ញាសិប្បនិមិ្មត ។
ផលិតផលឈានមុខផ្នែក AI ជាង ៣០០ មុខបានចេញផ្សាយជាលើកដំបូងនៅទូទាំងពិភពលោក ភ្ញៀវកិត្តិយសចិននិងអន្តរជាតិចំនួនជាង១៤០០រូបដែលចូលរួមកិច្ចប្រជុំបានពិភាក្សាអំពីនិន្នាការ AI សកលនៅក្នុងវេទិកាជាង១៤០លើក ហេតុអ្វីបានជាកិច្ចប្រជុំបញ្ញា សិប្បនិមិ្មតពិភពលោកលើកនេះបានទាក់ទាញក្រសែភ្នែកនៃពិភពលោកទាំងមូល គឺមិនត្រឹមតែដោយសារចិនបង្ហាញពីសមត្ថភាពច្នៃប្រឌិតថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារចិនខិតខំប្រឹងប្រែងក្នុងការផ្តល់ផលិតផលសាធារណៈអន្តរជាតិជាប់រហូតមកផងដែរ ។
ចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញបញ្ញាសិប្បនិម្មិតសកលឱ្យឆ្ពោះទៅរកភាពល្អប្រសើរ និងធ្វើឱ្យវាក្លាយជាកម្លាំងវិជ្ជមានដ៏ខ្លាំងក្លាពិតប្រាកដ ដើម្បីបង្កើនសុខុមាលភាពរបស់មនុស្សជាតិទាំងមូល ក៏ដូចជាជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ៕









