ព័ត៌មានជាតិ

សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សម្តេចបានជួបលោកបណ្ឌិតញិល រដ្ឋា ដែលជាបញ្ញវន្តខាងវិភាគស្ថានការណ៍ទូទៅ នៅកម្ពុជា កាលពីថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សា តែទៅលើផ្នែកសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនបានសំដៅទៅលើអ្វី ដែលលោកបណ្ឌិត បានបញ្ចេញមតិ នៅក្នុងវេទិកា របស់រាជបណ្ឌិត្យសភាកាលពីពេលថ្មីៗនោះទេ ។

ការទម្លាយ នូវការជួបជាមួយលោកបណ្ឌិតញិល រដ្ឋា របស់សម្តេចធិបតីបែបនេះ ក្នុងគ្រាដែលលោកបណ្ឌិត កំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរដែលលោកបណ្ឌិតបានវិភាគលើបញ្ហាព្រំដែនកម្ពុជា-ថៃដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភា ។ ស្របពេលជាមួយគ្នានេះ លោកបណ្ឌិតក៏បានបញ្ចេញទស្សនមតិ ចំពោះបញ្ហាប្រឈមនានា ក្នុងការដាក់ឯកសាររត់ការដើម្បីបើកដំណើរអាជីវកម្ម នៅតាមក្រសួងស្ថាប័នរដ្ឋ ប៉ុន្តែត្រូវបានទារថ្លៃសេវាជើងសារនៅក្នុងកម្មវិធី Monday TALK របស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងប្រធានបទ “វឌ្ឍនភាពនៃសហគ្រាសរដ្ឋ និងវិស័យឯកជន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេសមេគង្គឡាងឆាងកម្ពុជា-ចិន”។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាច្រើន ចំពោះបុគ្គលមួយចំនួនតាំងខ្លួនជាអ្នកវិភាគ ។ ក្នុងនោះសម្តេចក៏បានផ្តោតលើអត្ថបទមួយដែលសម្តេចបានបង្ហាញក្នុងហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមុនអំពីបណ្ឌិត និងអ្នកចែវទូកដែលអ្នកខ្លះបានទាញភ្ជាប់ខ្លឹមសារនេះ ជាមួយលោកបណ្ឌិត ញិល រដ្ឋា ។ ប៉ុន្តែចំពោះការទាញភ្ជាប់នេះ គឺសម្តេចមិនបានផ្តោតទៅលើរឿងបណ្ឌិត និងអ្នកចែវទូក ឬក៏វិភាគព្រំដែនដែរ។
ចំពោះការបញ្ចេញមតិរិះគន់ផងនិងលើកទឹកចិត្តដល់បណ្ឌិតញិល រដ្ឋានោះ ត្រូវបានសម្តេចមានប្រសាសន៍អះអាងថា ការជួបលោកបណ្ឌិតនោះ មិនមែនផោ្តតទៅលើអត្ថន័យរបស់លោកបណ្ឌិតទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឬបណ្ឌិតចែវ ទូកនោះទេ ប៉ុន្តែអ្វីដែលសម្តេច ចាប់អារម្មណ៍គឺបណ្ឌិត ញិល រដ្ឋា បានវិភាគទៅវិស័យ សហគ្រាសធុនតូច និងមធ្យម(SMEs) និង SDI ប៉ុណ្ណោះ ព្រោះសម្តេច ចង់ដឹងពីបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរកដំណោះស្រាយ រវាងវិស័យរដ្ឋនិង ឯកជន ដោយសារមានភាពប្រទាក់ក្រឡាជាមួយ SMEs ។

សម្តេចធិបតីបញ្ជាក់ថា “អីចឹងជជែកគ្នារឿង ហ្នឹងហើយ ក៏ទៅដល់ក៏សួររឿងហ្នឹង (វិភាគពាក់ព័ន្ធព្រំដែន) តាមពិតយើងជជែករឿងនោះ ហើយខ្ញុំសួរថា ថាឯងដឹងទេ …ថាបងហៅមកមានរឿងអី គាត់ថា ខ្ញុំមកប្រហែលតែជារឿងនុងហើយ ដល់ចឹងខ្ញុំអត់បានត្រៀមសំណួរបងឯងរឿង SMEs និង SDI ។ ខ្ញុំក៏បានសួររឿងហ្នឹងថា (ព្រំដែន)គាត់មិនបានថា គាត់វិភាគខុសឬត្រូវនោះទេ ជារឿងរបស់គាត់ ខ្ញុំបានសួរគាត់ថា ក្នុងនាមជាអ្នកសិក្សាដូចគ្នាប្អូន ឯងផ្អែកទៅលើសូចនាករអ្វី”។

ចំពោះវិភាគពាក់ព័ន្ធព្រំដែន សម្តេចធិបតី ក៏បានស្នើឱ្យបញ្ចប់ នូវការវែកញែកលើបណ្តាញសង្គមទៅ ព្រោះគាត់វិភាគផ្អែកទៅលើ ទិន្នន័យវិទ្យាសាស្រ្តរបស់គាត់ ដែលបានស្រាវជ្រាវរកឃើញ និងសូចនាករដោយមិនបានទៅបំផុសបំផុល ចលនាអ្វីនោះទេ ៕

To Top