Feature

អគ្គនាយកធនាគារ ARDB ជំរុញឱ្យកសិករប្រមូលផ្តុំគ្នាជាក្រុមផលិតច្បាស់លាស់មានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកមកប្រើប្រាស់ឥណទានរបស់ ARDB ដើម្បីអាជីវកម្មរីកចម្រើន

កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងក្រុមផលិតដែលមានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកប្រើប្រាស់ឥណទានរបស់ ធនាគារARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។

នៅក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង គឺមានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ទូច លីហួច អភិបាលរងក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មព្រមទាំងប្រជាកសិករសរុបប្រមាណ ២០០នាក់។

លោកបណ្ឌិត កៅ ថាច បានលើកឡើងក្នុងពិធីនោះថា ដំណើរចុះជួបកសិករនាពេលនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាគមបណ្ដាញកសិករតេជោ និងកម្មវិធីឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺមានអត្រាការប្រាក់ទាប ជាពិសេស ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើវិស័យកសិកម្មរួមមាន ការដាំបន្លែ ការចិញ្ចឹមត្រី ការចិញ្ចឹមគោ មាន់ ទា និងការប្រកបរបរកសិកម្មចម្រុះ កំពុងតែបង្កើនប្រាក់ចំណូលដល់គ្រួសារពលរដ្ឋផងដែរ។

លោកបណ្ឌិតប្រតិភូ បានចាត់ទុកថា ការលើកកម្ពស់ជីវភាពប្រជាកសិករ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម័យ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបន្តរហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពជាច្រើនទៀត ដើម្បីលើកស្ទួយវិស័យកសិកម្ម និងការធានាស្ថិរភាពថ្លៃកសិផលលើទីផ្សារ។

ទន្ទឹមនេះ លោកបណ្ឌិតប្រតិភូ បានបញ្ជាក់ថា ក្រោយការប្រែប្រួលស្ថានភាពពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាលបានអន្តរាគមន៍យ៉ាងសកម្ម ដើម្បីដោះស្រាយការកកស្ទះកសិផល និងស្វែងរកទីផ្សារថ្មីរបស់កសិករ។ ទន្ទឹមនឹងនេះ វិបត្តិខ្លះក៏បានបង្កើតជាឱកាសឱ្យកម្ពុជាពង្រឹងសមត្ថភាពកែច្នៃ និងពង្រីកការនាំចេញដោយខ្លួនឯងផងដែរ។

ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តឱ្យកសិករ ក្នុងស្រុក ដែលមានគម្រោងផលិតកម្មចង់កែច្នៃផលិតផលកសិកម្ម គឺ អាចស្នើសុំឥណទានពី ARDB ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីយកទៅពង្រីកការវិនិយោគលើការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្មខ្នាតតូច និងមធ្យម។

ចំណុចសំខាន់កសិករគួរនាំគ្នាវិនិយោគលើការ ប្រើប្រាស់ផ្ទះសំណាញ់ និងបច្ចេកវិទ្យាឲ្យបានសមស្រប ដើម្បីកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ និងជំងឺលើដំណាំ។ ការជំរុញឱ្យកសិករចូលរួមបណ្ដុះបណ្ដាលបច្ចេកទេសឱ្យបានច្រើន មុននឹងពង្រីកការវិនិយោគ ដើម្បីធានាថា ផលិតកម្មមានគុណភាព និងមានទីផ្សារច្បាស់លាស់។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូ ក៏បានអំពាវនាវឱ្យប្រជាកសិករប្រមូលផ្តុំគ្នាជាក្រុម ឬសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិតផល ស្តង់ដារគុណភាព និងអំណាចចរចាជាមួយទីផ្សារ។ សមាគមបណ្ដាញកសិករតេជោ នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងកសិករ ទីផ្សារ គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ ព្រមទាំងជាខែលការពារផលប្រយោជន៍របស់កសិករ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព៕

To Top